ប៉ូលិសព្រហ្មទណ្ឌបង្ហាញមុខជនជាតិចិននិងមីយ៉ាន់ម៉ា៨នាក់ ពាក់ព័ន្ធករណីចាប់ជំរិតក្លែងបន្លំជានគរបាល

 


ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និង មីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ ដោយបានឃាត់ក្រុមជនដៃដល់៨នាក់ ហើយបានបង្ហាញមុខនាថ្ងៃទី២២ឧសភាឆ្នាំ២០២៦ ។




សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG CAIYOU ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង០០៖៣០នាទី ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាព បង្ខាំង និង ជំរិតទារប្រាក់ពីខ្លួនអស់ចំនួន១២,០០០USD និង៨១,០០០USDT។ ក្រោយមកក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។




ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរកឃេីញថា បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានយករថយន្តប្រព្រឹត្តបទល្មើសទៅផ្លុងចោល នៅចំណុចភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានបន្តឡើងជិះរថយន្តតាក់ស៊ី១គ្រឿងម៉ាក Toyota Prius។ លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧យប់កម្លាំងជំនាញបានធ្វើការអញ្ជើញម្ចាស់រថយន្តតាក់ស៊ីខាងលើមកធ្វើការបំភ្លឺ។




សមត្ថកិច្ចបន្តថា ក្រោយមកនៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២៦​ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំសហការជាមួយកម្លាំង​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  បានធ្វេីការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់ ។




ជនសង្ស័យទាំង៨នាក់រួមមាន៖ ១-ឈ្មោះ​ HUANG WENJING ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិចិន​ ត្រង់ចំណុចផ្លូវ113ខេ​ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ ,២-ឈ្មោះ​ YAW BAY NAR ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា, ៣-ឈ្មោះ​ CHIT PO PO ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា, ៤-ឈ្មោះ​ SAI MWAN KHAY ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា, ៥-ឈ្មោះ LI YANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន, ៦-ឈ្មោះLONG XIAOHUI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន, ៧-ឈ្មោះ CHEN XIAOQIANG ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិចិន ត្រង់ចំណុចភូមិ៤​ សង្កាត់៤​ ក្រុង-ខេត្តព្រះសីហនុ​និង៨-ឈ្មោះ​ SHAO MINGBO ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិចិន​ ត្រង់ចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។




បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដេីម្បីធ្វេីការសាកសួរ​៕(ដោយBBN04)

Previous Post Next Post