រុស្ស៊ីដឹកជញ្ជូនគ្រាប់នុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារូសសម្រាប់សមយុទ្ធយោធា

 


រុស្ស៊ី  ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ខ្លួនបានដឹកជញ្ជូនគ្រាប់នុយក្លេអ៊ែរទៅកាន់តំបន់មួយក្នុងប្រទេសជិតខាងបេឡារូស កន្លែងដែលកងពលតូចមីស៊ីលកំពុងឈរជើង ដែលនេះជាផ្នែកមួយនៃសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរ។ចំណាត់ការនេះអាចនឹងបង្កឱ្យមានប្រតិកម្មតបតយ៉ាងខ្លាំងពីសំណាក់ប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប 


ក្រសួងការពារជាតិបានបញ្ជាក់នៅក្នុងសារបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា កងពលតូចបេឡារូសកំពុងរៀបចំផ្ទុក "គ្រាប់ពិសេសទៅលើជើងទម្រសម្រាប់ប្រព័ន្ធមីស៊ីល Iskander-M និងកំពុងធ្វើការចល័តទ័ពដោយសម្ងាត់ទៅកាន់តំបន់ដែលបានកំណត់។ មីស៊ីល Iskander-M គឺជាប្រភេទមីស៊ីលបាលីស្ទីកចម្ងាយខ្លី។


វីដេអូមួយដែលត្រូវបានបញ្ចេញដោយក្រសួងការពារជាតិ បានបង្ហាញពីសកម្មភាពរថយន្តដឹកទំនិញធុនធំកំពុងបើកបរឆ្លងកាត់តំបន់ព្រៃ ហើយអ្វីដែលគេមើលឃើញនោះ គឺហាក់ដូចជាគ្រាប់មីស៊ីលកំពុងត្រូវបានដំឡើងទៅលើឧបករណ៍បាញ់។




មុននេះបន្តិច ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួននឹងរៀបចំសមយុទ្ធរយៈពេលបីថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍ដែលពាក់ព័ន្ធនឹងការរៀបចំ និងការប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរ។ ក្រសួងបានបន្ថែមថា កងកម្លាំងជាង ៦៤.០០០នាក់នឹងចូលរួមក្នុងសមយុទ្ធនេះ។


ក្រសួងការពារជាតិបេឡារូសក៏បានបង្ហើបឱ្យដឹងផងដែរថា ខ្លួននឹងសហការជាមួយរុស្ស៊ីដើម្បីធ្វើការហ្វឹកហ្វឺន ក្នុងគោលបំណងបញ្ជាក់ពីនីតិវិធីប្រតិបត្តិការ រួមទាំងការដឹកជញ្ជូន និងការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។


កាលពីខែធ្នូចុងឆ្នាំមុន ប្រទេសបេឡារូសបានទម្លាយឱ្យដឹងពីការដាក់ពង្រាយមីស៊ីលបាលីស្ទីកចម្ងាយមធ្យមប្រភេទOreshnik ដែលអភិវឌ្ឍដោយរុស្ស៊ីនៅក្នុងប្រទេសរបស់ខ្លួន។ មីស៊ីលប្រភេទ Oreshnik នេះ ត្រូវបានគេនិយាយថាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post