រុស្ស៊ី ៖ ការវាយប្រហារដោយដ្រូនមួយនៅជាយក្រុងមូស្គូ ត្រូវបានរាយការណ៍ថាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់បាត់បត់ជីវិត។
អភិបាលតំបន់ទីក្រុងមូស្គូបានថ្លែងនៅក្នុងសារបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដ៏ធំមួយដោយប្រើដ្រូនបានបណ្តាលឱ្យមនុស្ស ៣ នាក់ បាត់បង់ជីវិតនៅក្នុងស្រុកចំនួនពីរនៅភាគខាងជើងរដ្ឋធានីរបស់រុស្ស៊ី។
លោកក៏បានបន្តទៀតថា មនុស្សមួយចំនួនបានរងរបួស ហើយមានមនុស្សម្នាក់នៅតែបន្តជាប់គាំងនៅក្រោមគំនរបាក់បែក ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងតែដំណើរការ។
រូបភាពដែលបង្ហោះដោយអភិបាលតំបន់នោះ បានបង្ហាញអគារស្នាក់នៅមួយដែលមានបែកកញ្ចក់បង្អួច និងខូចខាតជញ្ជាំង ព្រមទាំងអ្វីដែលមើលទៅដូចជាអគារមួយកំពុងត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង។
ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ីរហូតដល់ថ្ងៃព្រហស្បតិ៍។ ការវាយប្រហារទាំងនោះបានសម្លាប់មនុស្ស ២៤ នាក់ រួមទាំងកុមារផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានថ្លែងនៅក្នុងវីដេអូសន្ទរកថាមួយកាលពីថ្ងៃសុក្រថា «យើងត្រូវតែឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង និងភូមិនានារបស់យើងតាមរបៀបមួយដ៏ត្រឹមត្រូវ និងជាក់ស្តែង» ដោយលោកបន្ថែមថា លោកបានអនុញ្ញាតឲ្យមាន «ទម្រង់នៃការឆ្លើយតបជាក់លាក់មួយចំនួន» រួចរាល់ហើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



