ភ្នំពេញ ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដផយឃាត់ជនសង្ស័យ៦១នាក់។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង លោក ចើង ជើងគ័ង និង លោក ថេង សំណាងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចនិយាយថា ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុប៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារៈសម្រាប់ប្រព្រឹត្តិបទល្មើសOnline Scam ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន៤នាក់។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារៈបច្ចេកវិទ្យាមួយចំនួនមានដូចជា កុំព្យូទ័រយួរដៃ ចំនួន ៤៨គ្រឿង, ទូរសព្ទដៃចំនួន ៤៦៨គ្រឿង ,អេក្រង់ម៉ូនីទ័រ ចំនួន ៣២គ្រឿង ,CPU ចំនួន ១០គ្រឿង ,Tablet ចំនួន ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀតផងដែរ។
បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ជាធរមាន។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕(ប្រភព៖ គ.ប.ឆ.ប.)
ដោយ ៖ BBN






