ពូទីននឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនភ្លាមៗ បន្ទាប់ពីលោកត្រាំ

 


ចិន  កិច្ចប្រជុំកំពូលដ៏ធំមួយទៀតគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបពិភាក្សាការងារជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅសប្តាហ៍នេះ។


ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកពូទីននឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ វាស្របពេលជាមួយនឹងខួបលើកទី២៥ នៃការចុះហត្ថលេខាលើ «សន្ធិសញ្ញាស្តីពីអ្នកជិតខាងល្អ និងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ» រវាងប្រទេសទាំងពីរ។


លោកពូទីន នឹងជួបលោកស៊ីនៅថ្ងៃពុធ ហើយមេដឹកនាំទាំងពីរត្រូវបានរំពឹងថានឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហានានាដូចជា អ៊ុយក្រែន និងអ៊ីរ៉ង់ ជាដើម។ កិច្ចប្រជុំនេះកើតឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយវិមានក្រឹមឡាំងបានឱ្យដឹងថា លោកពូទីនមានបំណងចង់ពិភាក្សាអំពីដំណើរទស្សនកិច្ចនោះផងដែរ។




អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ចាគុន (Guo Jiakun) បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទដោយលោកបានលើកឡើងពីគោលបំណងនៃកិច្ចពិភាក្សានេះ។ លោកបាននិយាយថា «ភាគីទាំងពីរនឹងយកឱកាសនេះដើម្បីជំរុញទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងនាំមកនូវស្ថិរភាព និងថាមពលវិជ្ជមានកាន់តែច្រើនដល់ពិភពលោក»


លោកក៏បានបន្ថែមទៀតថា មេដឹកនាំទាំងពីរត្រូវបានរំពឹងថានឹងជជែកគ្នាអំពីការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post