ទីក្រុងហូជីមិញ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសមានចិត្តស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីក្រោមឱវាទ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំគណៈប្រតិភូ ធ្វើដំណើរឆ្លងដែនចុះសួរសុខទុក្ខ និងនាំយកថវិកាទៅឧបត្ថម្ភដល់វីរនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលកំពុងសម្រាកព្យាបាលរបួសយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ ក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
វីរនគរបាលដ៏អង់អាចក្លាហានទលោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសក្នុងប្រតិបត្តិការចុះស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់ដោយអាវុធដ៏គ្រោះថ្នាក់មួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នាឱកាសដ៏រំជួលចិត្តនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បាននាំយកនូវបណ្ដាំសួរសុខទុក្ខប្រកបដោយក្ដីព្រួយបារម្ភ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ។
ឯកឧត្តម នាយកមន្ទីរ បានគូសបញ្ជាក់យ៉ាងមុតមាំថា វត្តមានរបស់គណៈប្រតិភូនាពេលនេះ មិនត្រឹមតែជាការនាំយកនូវថវិកា និងការសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត និងការមិនបោះបង់មន្ត្រីរបស់ខ្លួនចោលឡើយ ពីសំណាក់ថ្នាក់ដឹកនាំនគរបាលជាតិ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងវីរភាពដ៏អង់អាចក្លាហានរបស់លោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ មិនរុញរាប្រឈមមុខនឹងមុខសញ្ញាឧក្រិដ្ឋជនប្រដាប់អាវុធ ដើម្បីបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្ដេជ្ញាចិត្តលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។
ជាការតបស្នង និងក្នុងនាមតំណាងឱ្យក្រុមគ្រួសារ លោកស្រី ហ៊ាន ចាន់ស៊ាន ភរិយារបស់លោកអនុសេនីយ៍ឯក ធាង ឧត្តម បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលតែងតែមានមេត្តាធម៌ និងបានអនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញចុះមកសួរសុខទុក្ខដល់ទីកន្លែង ព្រមទាំងបាននាំយកថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចំនួន៨០លានរៀល និងថវិការបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន២០លានលានរៀល មកជួយឧបត្ថម្ភសម្រាលបន្ទុកចំណាយក្នុងការព្យាបាល។
នៅទីបញ្ចប់ តំណាងគ្រួសារ លោកអនុសេនីយ៍ឯក ធាង ឧត្តម ក៏បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ ជូនចំពោះថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន ព្រមទាំងគណៈប្រតិភូទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕ ដោយ សំណាង







