ស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី៧មេសាឆ្នាំ២០២៦ នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ ផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដោយឃាត់ជនសង្ស័យ២៤៤នាក់ ក្នុងនោះជនបរទេស២៤០ នាក់ និង ខ្មែរ៤នាក់ពាក់ព័ន្ធបទល្មើស Online Scams ព្រមទាំងដកហូតអាជ្ញាបណ្ណពីកាស៊ីណូថែមទៀត ។
សមត្ថកិច្ចនិយាយថា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ ស្ថិត នៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងមានសមត្ថកិច្ច បានធ្វើការនាំខ្លួនជនសង្ស័យ ២៤៤ នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន ១៨២ នាក់, ជនជាតិចិនចំនួន ៤៩ នាក់, ជនជាតិកូរ៉េចំនួន ៩ នាក់ និង ខ្មែរចំនួន ៤ នាក់ ព្រមទាំងបានដកហូតវត្ថុតាង នានា ជាអាទិ៍៖ (១) ទូរសព្ទដៃចំនួន ៥០៥ គ្រឿង, (២) កុំព្យូទ័រលើតុ ចំនួន ១៥០ គ្រឿង, (៣) កុំព្យូទ័រយួរដៃ ១ គ្រឿង, (៤) Monitor ១ គ្រឿង, និង (៥) រថយន្ត ៤ គ្រឿង។
កម្លាំងមានសមត្ថកិច្ច នឹងត្រូវបន្តនីតិវិធី ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងអនុលោមតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/ ០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ដោយពិនិត្យឃើញថា ក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ដែលមានកាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ីកាស៊ីណូមានការពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសប្រព្រឹត្តល្មើសនឹង បទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ០៨៦ គ.ល.ក. ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលបានផ្តល់ជូនក្រុមហ៊ុន ខេ ប៊ីអាយ (ខេមបូឌា) ភីអិលស៊ី ស្ថិត នៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងតាមរយៈសេចក្តីសម្រេច លេខ ០៣២ គ.ល.ក.សសរ ចុះថ្ងៃទី....ខែនេណា.គ.ស.២០២៦។
ក្នុងយុទ្ធនាការ នៃការបោសសម្អាត និងការលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា, គ.ល.ក. នឹងប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ ដោយបន្តសហការជាមួយលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និង កម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរ ដោយមិនមានករណីលើកលែងចំពោះ ទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះឡើយ៕(ដោយ BBN04)



