ខេត្តកំពង់ស្ពឺ៖
នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយ ក្រុមគ្រួសារកងទ័ព
ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ
ចំនួន១,៤០០ គ្រួសារ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត
កងកម្លាំងទាំង៣ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណខាងមុខ
អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារកងទ័ពទាំងអស់
ដោយបានបញ្ជាក់ថា
រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកសុខុមាលភាពរបស់កងទ័ព
និងគ្រួសារកងទ័ពជាអាទិភាពចម្បង។
ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ហ៊ុន ម៉ានី
ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលជាភរិយា
មាតាបិតា និងក្រុមគ្រួសារកងទ័ពទាំងអស់
ដែលបានធ្វើជាបង្អែកយ៉ាងរឹងមាំ និងជាកម្លាំងចិត្តមិនអាចខ្វះបាន
ជួយឱ្យស្វាមី ឬកូនចៅ
មានស្មារតីក្លាហានក្នុងការបំពេញភារកិច្ចការពារជាតិនៅសមរភូមិជួរមុខ
សន្តិភាពដែលយើងកំពុងមាននៅថ្ងៃនេះ
គឺបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ដូច្នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
នឹងបន្តថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស
ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យមានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម
ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
រាជរដ្ឋាភិបាលមិនដែលបំភ្លេចបងប្អូនកងទ័ព និងគ្រួសារកងទ័ពឡើយ។
ការចុះមកសំណេះសំណាលផ្ទាល់នាពេលនេះ គឺដើម្បីចង់ដឹងពីសុខទុក្ខ
និងតម្រូវការជាក់ស្តែង ដើម្បីរិះរកមធ្យោបាយជួយសម្រាលការលំបាក
និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមក៏បានណែនាំដល់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ
និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ
ត្រូវបន្តផ្តល់អាទិភាព និងជួយសម្របសម្រួលសេវាសាធារណៈ
ក៏ដូចជាការផ្តល់ជំនួយសង្គមផ្សេងៗដល់គ្រួសារកងទ័ពឱ្យបានទាន់ពេលវេលា
និងប្រកបដោយប្រសិទ្ធភាពបំផុត។
ក្នុងឱកាសនោះ
ឯកឧត្តមក៏បានផ្តល់អំណោយដល់គ្រួសារកងទ័ពដោយក្នុង១គ្រួសារ
ទទួលបាន៖ ថវិកា ៤០ម៉ឺនរៀល ,អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ
(៦ដប) , ភួយ ១ , ត្រីខ ១យួរ (១០កំប៉ុង) , ទឹកស៊ីអ៊ីវ ១យួរ (៦ដប)
,ឃីតចំនួន១ (អំបិល ១គីឡូ, សាច់ជ្រូកផាត់ ១ថង់, ផ្អកសាច់ជ្រូក
១ក្រឡ) ,អាវរងារ ២ ,នំក្មេងៗ(ប្រភេទនំកញ្ចប់ចំរុះ)ផងដែរ៕
Tags:
ដំណោះស្រាយ

