បង្ក្រាបការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់នៅដែនសមុទ្រខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងរឹបអូសគ្រឿងញៀនប្រមាណ ៨៤០គីឡូក្រាម





ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០នាទី កម្លាំងនគរបាលការពារព្រំដែនទឹក បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ នៅតំបន់ដែនសមុទ្រខេត្តព្រះសីហនុ។






ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ដោយឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងជំនាញ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ចុះប្រតិបត្តិការ។


តាមការរៀបចំបណ្តាញសម្ងាត់ និងស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងគោលដៅជាក់លាក់ រហូតឈានដល់ការចាប់ឃាត់អូប័រ ០១គ្រឿង និងមនុស្ស ០២នាក់ នៅត្រង់ចំណុចនិយាមការ N10.459741-E103.606419 ស្ថិតនៅម្តុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។








ជាមួយគ្នានេះ កម្លាំងបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់រថយន្តចំនួន ០២គ្រឿង និងមនុស្សចំនួន ០៥នាក់បន្ថែមទៀត។


ប្រតិបត្តិការខាងលើមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស និងរឹបអូសវត្ថុតាងមួយចំនួន រួមមាន៖


  • ម្សៅសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ៤២បាវ មានទម្ងន់ប្រមាណ ៨៤០គីឡូក្រាម។
  • ជនជាតិចិន ចំនួន ០៧នាក់។
  • អូប័រ ចំនួន ០១គ្រឿង។
  • រថយន្ត ចំនួន ០២គ្រឿង។
  • ម៉ូតូ ចំនួន ០៣គ្រឿង។
  • អាវុធវែង ចំនួន ១០ដើម។
  • អាវុធខ្លី ចំនួន ៣៩ដើម។
  • បង់កាំភ្លើង ចំនួន ១០៨បង់។
  • គ្រាប់កាំភ្លើង ចំនួន ៧,៩៣៧គ្រាប់។
  • ស៊ីឡង់សឺ ចំនួន ០៨។



បច្ចុប្បន្ន មនុស្ស និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។

Previous Post Next Post