នគរបាលរាជធានី បង្ក្រាបទីតាំង Scams Online មួយកន្លែង ឃាត់ជនសង្ស័យ៦៥នាក់ នៅខណ្ឌបឹងកេងកេង



ភ្នំពេញ៖ កម្លាំង នគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅចំណុចខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីវេលាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦៥នាក់ ។ 




ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការចុះអនុវត្តដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយមានកម្លាំងការិយាល័យជំនាញចំនួន០៤ប្រតិបត្តិការ មានការិល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា , ការិល័យគ្រប់គ្រងជនបរទេស និងការិល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ 


ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន០៨នាក់ (ប្រុស) , ជនជាតិខ្មែរ៥៧ នាក់ (ស្រី២៧នាក់) ។ ដោយដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធរួមមាន ៖ កុំព្យូទ័រ ALL in One : ៨៩ គ្រឿង , ម៉ូនីទ័រ០១គ្រឿង , CPU : ០១ គ្រឿង , ទូរស័ព្ទបម្រើអោយបទល្មើស ៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិ មួយចំនួនធំ រួមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងទៀតផងដែរ ។ 




មន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលោមលួងដាក់ប្រាក់ឱ្យវិនិយោគក្លែងកា្លយ  (Investment Scams) ដែលជនរងគ្រោះជាជនបរទេស ។ 


បច្ចុប្បន្ន ជនសង្ស័យទាំង៦៥នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ចូនខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមនីតិវិធី ៕ សំណាង





Previous Post Next Post