អាជ្ញាធរ និងអាជីវករ រួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្លូវលេខ១៦៦ ក្បែរផ្សារអូឫស្សី ឲ្យមានសោភ័ណភាពល្អប្រសើរ


ភ្នំពេញ៖ ការរក្សាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានសោភ័ណភាពល្អប្រសើរ មិនអាចពឹងផ្អែកលើអាជ្ញាធរតែមួយភាគីបានទេ ប៉ុន្តែទាមទារការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងអាជីវករ។


ជាក់ស្តែង កន្លងមកនៅកំណាត់ផ្លូវលេខ១៦៦ ក្បែរ ផ្សារអូឫស្សី សង្កេតឃើញថា មានអាជីវករមួយចំនួនបានតាំងលក់ម្ហូបអាហារ បន្លែ ត្រី សាច់ និងទំនិញផ្សេងៗ លើទ្រូងផ្លូវដោយផ្ទាល់ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។




នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា រួមជាមួយលោកអភិបាលរង លោកចៅសង្កាត់ និងក្រុមការងារមូលដ្ឋានសង្កាត់អូរឫស្សីទី២ បានចុះត្រួតពិនិត្យ និងពង្រឹងការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។


ក្នុងឱកាសនោះ សង្កេតឃើញថា បងប្អូនអាជីវករ បានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការរៀបចំទីតាំងលក់ដូរ ឲ្យមានរបៀបរៀបរយ ស្អាត និងមានសោភ័ណភាពល្អប្រសើរ។




សូមបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរបានធ្វើការផ្សព្វផ្សាយ អប់រំ និងកំណត់ទីតាំងលក់ដូរជាក់លាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មលើកំណាត់ផ្លូវលេខ១៦៦ រួចមក ឃើញថា អាជីវករបានបង្ហាញការយល់ដឹង និងសហការយ៉ាងល្អ។ ពួកគាត់បានសម្តែងក្តីរីករាយ និងលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ផ្លូវនេះមានភាពតូចចង្អៀត និងកកស្ទះខ្លាំង ស្ទើរតែមិនអាចធ្វើដំណើរបាន ទោះបីជាថ្មើរជើងក៏ដោយ ខណៈម៉ូតូ និងរថយន្តពិបាកចូលចេញ។





បច្ចុប្បន្ន ក្រោយការរៀបចំ និងកំណត់គម្លាតទីតាំងលក់ដូរឲ្យបានត្រឹមត្រូវ បានធ្វើឲ្យច្រកផ្លូវមានភាពទូលាយ ងាយស្រួលធ្វើដំណើរ និងមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងយ៉ាងច្បាស់។ ជាមួយគ្នានេះដែរ អាជីវករក៏បានសំណូមពរឲ្យការរៀបចំបែបនេះបន្តអនុវត្តជាបន្តបន្ទាប់ និងរក្សាបានយូរអង្វែង ដើម្បីធានាបរិស្ថានស្អាត សុវត្ថិភាព និងភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ ៕ 

ដោយ៖ BBN96

Previous Post Next Post