ភ្នំពេញ៖ កាលពីនាថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារពង្រីកផ្លូវលេខ១៧២៩ ស្ថិតនៅភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការចុះពិនិត្យនេះដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលនៃ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។
ការពង្រីកផ្លូវលេខ១៧២៩ គឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយក្នុងមូលដ្ឋាន ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍ កាត់បន្ថយការកកស្ទះ និងបង្កើនសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងតំបន់។ ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចមួយ ដែលភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរវាងភូមិ និងសង្កាត់ជាប់ខាង ធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងសេវាកម្មក្នុងសហគមន៍កាន់តែមានភាពរលូន។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានពិនិត្យដោយផ្ទាល់លើដំណើរការសាងសង់ បច្ចេកទេសអនុវត្ត និងគុណភាពការងារ ដើម្បីធានាថាគម្រោងអនុវត្តតាមស្តង់ដារបច្ចេកទេស និងបញ្ចប់តាមផែនការកំណត់។ លោកក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព សុវត្ថិភាពការងារ និងកាលបរិច្ឆេទបញ្ចប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវ ប៉ុន្តែបានបង្ហាញនូវការយោគយល់ និងសហការល្អជាមួយអាជ្ញាធរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ។ លោកបានបញ្ជាក់ថា ការចូលរួម និងការគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការជំរុញគម្រោងអភិវឌ្ឍន៍ឱ្យសម្រេចបានជោគជ័យ៕





