រាជធានីភ្នំពេញ
៖ កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់
ស្មោះត្រង់ សុច្ចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ
និងខ្ជាប់ខ្ជួននូវគ្រប់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ
ក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ
នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា
ដោយឈរលើស្មារតីនៃការដោះស្រាយដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ
និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់
និងស្រឡាញ់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់
អាវុធបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់
សុច្ចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ
និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា និងថៃ
ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា
និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា
ឆ្នាំ២០២៥ រួមនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC
ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥
ព្រមទាំងឯកសារព្រមព្រៀងផ្សេងៗទៀត
ដើម្បីឆ្ពោះទៅកាន់ការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស
និងការវិលត្រឡប់ទៅរកប្រក្រតីភាព ស្ថិរភាព
និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែល
រស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំង
ពីរ។
លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា
កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥
ក្រសួងការពារជាតិកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃ
ដោយបានធ្វើការបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ភាគីថៃកាលពីរសៀលថ្ងៃទី២៩
ខែធ្នូ ឆ្នាំ២០២៥ ដែល បានលើកឡើងថា
ខ្លួនបានរកឃើញយានគ្មានមនុស្សបើក UAV (ដ្រូន)
ជាង២៥០គ្រឿងហោះចេញពីកម្ពុជាចូលទៅរំលោភក្នុងដែនអធិបតេយ្យរបស់ថៃ។
លោកជំទាវបានបន្ថែមថា
ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្ត
ជាពិសេសបណ្តាខេត្តជាប់ព្រំដែនបានចេញសេចក្តីណែនាំ
និងពង្រឹងការហាមប្រាមនូវសកម្មភាពការបង្ហោះដ្រូនយ៉ាងម៉ឺងម៉ាត់
និងច្បាស់លាស់បំផុត ហើយក៏គ្មានការ បង្ហោះដ្រូនអ្វីឡើយ
ដែលក្រសួងការពារជាតិកម្ពុជាសូមធ្វើការបដិសេធ
និងច្រានចូលនូវការចោទប្រកាន់របស់ភាគីថៃទាំងស្រុង។
លោកជំទាវ
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា
ទន្ទឹមនេះក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្តីណែនាំ
ស្តីពីការហាមឃាត់យ៉ាងដាច់ខាតទៅលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក
(ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស
ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីធានាបាននូវសន្តិសុខ
សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ
និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ ៕

