អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងារចុះពិនិត្យប្រព័ន្ធប្រឡាយទឹក ត្រៀមការពារជំនន់ទឹកភ្លៀងក្នុងខណ្ឌពោធិ៍សែនជ័យ



ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធនៃសាលាខណ្ឌ ចុះពិនិត្យដោយផ្ទាល់ស្ថានភាពប្រឡាយទឹកមួយខ្សែ ដែលមានទីតាំងចាប់ពីខាងក្រោយ វិទ្យាល័យជម្ពូវ័ន រហូតដល់តំបន់ឆ្ពោះទៅ ផ្លូវជាតិលេខ៣។



ការចុះពិនិត្យនេះ មានគោលបំណងវាយតម្លៃលំហូរទឹកក្នុងប្រឡាយ ស្ថានភាពកកស្ទះដោយសារសំរាម ដីល្បាប់ និងសំណល់ផ្សេងៗ ដែលអាចជាហេតុបណ្ដាលឱ្យមានការជន់លិចក្នុងរដូវវស្សាខាងមុខ។ ជាក់ស្តែង ប្រឡាយទឹកមានតួនាទីសំខាន់ក្នុងការរំដោះទឹកភ្លៀងពីតំបន់លំនៅដ្ឋាន និងបរិវេណសាលារៀន ដូច្នេះការរក្សាបាននូវលំហូរទឹកប្រក្រតី គឺជាចំណុចស្នូលក្នុងការកាត់បន្ថយហានិភ័យនៃការលិចលង់។



ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការសិក្សាបន្ថែមលើបច្ចេកទេសស្តារប្រឡាយ ការកាយយកដីល្បាប់ និងសំរាមចេញ ព្រមទាំងពិនិត្យលទ្ធភាពជួសជុល ឬកែលម្អប្រព័ន្ធរំដោះទឹកតាមបច្ចេកទេសស្តង់ដារ ដើម្បីធានាបាននូវប្រសិទ្ធភាពយូរអង្វែង។ ការងារទាំងនេះ គ្រោងអនុវត្តជាបន្ទាន់ មុនចូលរដូវវស្សា ដើម្បីបង្ការ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។



ជាពិសេស ការយកចិត្តទុកដាក់ត្រូវបានផ្ដោតលើការបញ្ជៀសការលិចលង់នៅបរិវេណ វិទ្យាល័យបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន ដែលធ្លាប់ប្រឈមបញ្ហាទឹកជំនន់ក្នុងរដូវភ្លៀងកន្លងមក។ ការកែលម្អប្រព័ន្ធប្រឡាយនេះ នឹងរួមចំណែកធានាបរិយាកាសសិក្សានិងអនាម័យល្អសម្រាប់សិស្សានុសិស្ស ។


អាជ្ញាធរខណ្ឌក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយ ឱ្យចូលរួមថែរក្សាបរិស្ថាន មិនបោះចោលសំរាមចូលក្នុងប្រឡាយទឹក និងសហការជាមួយអាជ្ញាធរ ក្នុងការពង្រឹងគុណភាពបរិស្ថាន និងការគ្រប់គ្រងប្រព័ន្ធរំដោះទឹកឱ្យមានប្រសិទ្ធភាព ៕


អត្ថបទ សំណាង

Previous Post Next Post