លួចឡានគេរួចបើកទៅលេងផ្ទះអ៊ំរហូតដល់ក្បែរព្រៃស, ត្រឡប់មកវិញជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចឡានអគ្គិសនីម៉ាកBYDមួយគ្រឿងរួចបើកទៅលេងផ្ទះអ៊ំរហូតដល់ក្បែរព្រៃស ពេលបើកត្រឡប់មកវិញត្រូវសមត្ថកិច្ចវ៉ៃខ្នោះ បន្ទាប់ពីម្ចាស់រថយន្តប្តឹងដល់សមត្ថកិច្ចភ្លាមៗ ។



សមត្ថកិច្ចនិយាយថា ដំបូងជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តម៉ាកBYDមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CH-1139បានសម្រេចខណៈម្ចាស់ចតទុកនៅខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី រួចចូលលេងផ្ទះបងប្អូនប្រហែលមួយម៉ោង ស្រាប់តែចេញមកវិញអត់ឃើញរថយន្ត ម្ចាស់ផ្អើលឆោឡោបង្កការភ្ញាក់ផ្អើលរួច ប្ដឹងសមត្ថកិច្ច ចុះមកអន្តរាគមន៍ ។


ដោយមានការដឹកនាំផ្ទាល់ពីលោកវរៈសេនីយ៍ទោ នាក់ សាន្ត អធិការរងនគបាលខណ្ឌទួលគោក ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងកចុះមកឡោមព័ន្ធ ចាប់បានជនសង្ស័យភ្លាមៗនៅត្រង់ចំណុចផ្ទះជនសង្ស័យ តាមបណ្ដោយផ្លូវឌឿងហែម ខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោង ៨ និង ១០ នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦។ 


សមត្ថកិច្ចបន្តថា ម្ចាស់រថយន្តឈ្មោះ ង៉ែត សានិត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកជនសង្ស័យឈ្មោះអ៊ីន ដារ៉ាឆែកុង ភេទប្រុស អាយុ២៧ឆ្នាំ ពុំមានមុខរបរ និងស្នាក់នៅពិតប្រាកដឡើយ ។


បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់៕(ដោយ BBN04)


Previous Post Next Post