អ៊ីរ៉ង់ប្រាប់អង្គការសហប្រជាជាតិ ៖ នាវាដែល «គ្មានចេតនាអរិភាព» អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បាន

 


បរទេស  យោងតាមកំណត់សម្គាល់មួយដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឃើញនៅថ្ងៃទី ២៤ ខែមីនា អ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គការសមុទ្រអន្តរជាតិ (IMO) ថា «នាវាដែលគ្មានចេតនាអរិភាព» អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បាន ប្រសិនបើពួកគេមានការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់។


សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែលមួយភាគប្រាំនៃពិភពលោកតាមច្រកសមុទ្រនេះត្រូវគាំងស្ទើរតែទាំងស្រុង ដែលបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេង។


កំណត់សម្គាល់ពីក្រសួងការបរទេសរបស់អ៊ីរ៉ង់ត្រូវបានផ្ញើទៅកាន់សមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ២២ ខែមីនា។ 




បន្ទាប់មក វាក៏ត្រូវបានចែកចាយនៅថ្ងៃទី ២៤ ខែមីនា ក្នុងចំណោមសមាជិកទាំង ១៧៦ នៃទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលទទួលខុសត្រូវលើការគ្រប់គ្រងសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនអន្តរជាតិ និងការការពារការបំពុល។


ខ្លឹមសារនៃកំណត់សម្គាល់នោះបានសរសេរថា៖ «នាវាដែលគ្មានចេតនាអរិភាព រួមទាំងនាវាដែលជារបស់ ឬពាក់ព័ន្ធនឹងរដ្ឋផ្សេងទៀត អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោមការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់អ៊ីរ៉ង់ ក្នុងលក្ខខណ្ឌថាពួកគេមិនចូលរួម ឬគាំទ្រសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ និងអនុវត្តតាមបទប្បញ្ញត្តិសុវត្ថិភាព និងសន្តិសុខដែលបានប្រកាសយ៉ាងពេញលេញ»


អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបាន «ចាត់វិធានការចាំបាច់ និងសមស្រប ដើម្បីរារាំងពួកឈ្លានពាន និងអ្នកគាំទ្ររបស់ពួកគេមិនឱ្យឆ្លៀតឱកាសប្រើប្រាស់ច្រកសមុទ្រ Hormuz ដើម្បីជំរុញប្រតិបត្តិការអរិភាពប្រឆាំងនឹងអ៊ីរ៉ង់» ដោយបន្ថែមថានាវា ឧបករណ៍ និងទ្រព្យសម្បត្តិណាមួយជារបស់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល «ព្រមទាំងអ្នកចូលរួមដទៃទៀតក្នុងការឈ្លានពាន មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឆ្លងកាត់ដោយសន្តិវិធី ឬគ្មានចេតនាអរិភាពនោះទេ»


កាសែត Financial Times គឺជាអ្នករាយការណ៍ដំបូងគេថា លិខិតនេះត្រូវបានចែកចាយក្នុងចំណោមរដ្ឋសមាជិករបស់អង្គការ IMO កាលពីថ្ងៃទី ២៤ ខែមីនា៕(ដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post