អភិបាលខណ្ឌ៧មករា ដឹកនាំប្រជុំបន្តពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ដើម្បីការពារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ



 ភ្នំពេញ ៖ រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោក ថេង សុថុល អភិបាលនៃ ខណ្ឌ៧មករា បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីបន្តតាមដាន និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ចាប់ពីថ្នាក់មូលដ្ឋាន ភូមិ សង្កាត់ រហូតដល់ថ្នាក់ខណ្ឌ។ កិច្ចប្រជុំនេះមានគោលបំណងធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តគោលនយោបាយ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពសង្គម។



កិច្ចប្រជុំបានផ្តោតសំខាន់លើការអនុវត្តអនុក្រឹត្យលេខ០៣ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងពង្រឹងការគ្រប់គ្រងទីតាំងអគារស្នាក់នៅប្រមូលផ្តុំ ការជួលអគារ និងទីតាំងស្នាក់នៅផ្សេងៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់ទីតាំងទាំងនោះសម្រាប់ប្រព្រឹត្តបទល្មើសអនឡាញ និងសកម្មភាពខុសច្បាប់ផ្សេងៗ។ វិធានការនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងសន្តិសុខសាធារណៈ និងការពារប្រជាពលរដ្ឋពីហានិភ័យនៃបទល្មើសបច្ចេកវិទ្យា។ក្នុងឪកាសនោះផងដែរ លោក លោកស្រីចៅសង្កាត់ បានឡើងប្តេជ្ញាចិត្ត និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក៏ដូចជា ក្រោមការចង្អុរបង្ហាញពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាផងដែរ។





ក្នុងកិច្ចប្រជុំ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងក្នុងការសំណេះសំណាល ថា  ការសហការ ររវាងអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ ដើម្បីធ្វើការតាមដាន និងស្វែងរកព័ត៌មានអំពីសកម្មភាពគួរសង្ស័យ ដែលអាចនាំឱ្យកើតមានបទល្មើសអនឡាញ។ លោកបានណែនាំឱ្យអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងនគរបាល ត្រូវបន្តពង្រឹងការត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ ក៏ដូចជាការចុះពិនិត្យអគារជួល ឬកន្លែងដែលមានការស្នាក់នៅជាច្រើនរបស់ជនបរទេស ឬក្រុមមនុស្សដែលអាចពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។





ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យមន្ត្រីពាក់ព័ន្ធបន្តពង្រឹងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីហានិភ័យ និងល្បិចកលនៃបទល្មើសអនឡាញ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ មិនធ្លាក់ក្នុងអន្ទាក់ឆបោកតាមបណ្តាញសង្គម ឬប្រព័ន្ធទំនាក់ទំនងឌីជីថលផ្សេងៗ។



កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការ និងអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាល និងលោក-លោកស្រីចៅសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា ដែលបានពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញនៅក្នុងមូលដ្ឋាន ៕

សំណាង ៩៦

Previous Post Next Post