ពូទីនប្រកាសបទឈប់បាញ់រយៈពេល ៣២ ម៉ោង ជាមួយអ៊ុយក្រែន ក្នុងឱកាសបុណ្យ Easter

 


រុស្ស៊ី  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់ក្នុងឱកាសបុណ្យ Easter ជាមួយអ៊ុយក្រែន ចាប់ពីម៉ោង  រសៀលថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងម៉ូស្គូរហូតដល់ពាក់កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ។


លោកពូទីនបានប្រកាសអំពីការផ្អាកសកម្មភាពយោធារយៈពេល ៣២ ម៉ោងនេះ កាលពីថ្ងៃព្រហស្បតិ៍។ តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីបានបង្គាប់ឱ្យរដ្ឋមន្ត្រីការពារជាតិ លោក Andrei Belousov និងនាយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បញ្ឈប់រាល់សកម្មភាពប្រយុទ្ធនៅគ្រប់សមរភូមិទាំងអស់ក្នុងអំឡុងពេលនេះ។


វិមានក្រឹមឡាំងត្រូវបានរាយការណ៍ថា រំពឹងទុកថាភាគីអ៊ុយក្រែននឹងអនុវត្តតាមគំរូរបស់រុស្ស៊ី។


ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ក៏បានធ្វើសំណើស្រដៀងគ្នានេះដែរ កាលពីខែមុន។ ក្នុងសំណេរលើបណ្តាញសង្គមកាលពីថ្ងៃសុក្រ លោកបាននិយាយថា «យើងបានស្នើឱ្យមានបទឈប់បាញ់ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យ Easter នៅឆ្នាំនេះ ហើយនឹងអនុវត្តទៅតាមនោះ»




លោកហ្សេឡេនស្គីបានបន្ថែមថា «ប្រជាជនត្រូវការបុណ្យ Easter មួយដែលគ្មានការគំរាមកំហែង និងមានចលនាពិតប្រាកដឆ្ពោះទៅរកសន្តិភាព» លោកក៏បានស្នើឱ្យរុស្ស៊ីកុំបន្តការវាយប្រហារឡើងវិញ ក្រោយពេលបញ្ចប់ថ្ងៃឈប់សម្រាក។


ទាំងសាសនាចក្រគ្រិស្តអូស្សូដក់រុស្ស៊ី និងសាសនាចក្រគ្រិស្តអូស្សូដក់អ៊ុយក្រែន ប្រារព្ធពិធីបុណ្យ Easter នៅឆ្នាំនេះក្នុងថ្ងៃតែមួយ គឺថ្ងៃទី ១២ ខែមេសា។


គួររំលឹកផងដែរថា កាលពីខែមេសាឆ្នាំមុន លោកពូទីនក៏បានប្រកាសបទឈប់បាញ់ឯកតោភាគីរយៈពេល ៣០ ម៉ោងដើម្បីអបអរបុណ្យ Easter នេះដែរ ប៉ុន្តែនៅពេលនោះ ទាំងរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងគៀវ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានធ្វើការវាយប្រហារដដែលៗក្នុងអំឡុងពេលនោះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post