វេណេស៊ុយអេឡា ៖ ប្រជាជនវ៉េណេស៊ុយអេឡាដែលកំពុងអស់សង្ឃឹម បានខិតខំតស៊ូជាមួយនឹងពេលវេលាកាលពីថ្ងៃទី២៥ ខែមិថុនា ដើម្បីជួយសង្គ្រោះមនុស្សជាទីស្រឡាញ់របស់ពួកគេដែលកំពុងជាប់ទាំងរស់នៅក្រោមគំនរបាក់បែកនៃអគារនានា បន្ទាប់ពីការរញ្ជួយដីកម្រិតធ្ងន់ធ្ងរចំនួនពីរលើកបានកើតឡើង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨៨ នាក់។
អគារជាច្រើនបានប្រេះស្រាំ និងបាក់រលំ ហើយប្រជាពលរដ្ឋបានរត់ភៀសខ្លួនចេញមកលើដងផ្លូវ បន្ទាប់ពីគ្រោះរញ្ជួយដី ដែលស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានវាស់វែងឃើញថារញ្ជួយដីកម្រិត ៧,២និង ៧,៥ រិច្ឆទ័រ បានវាយប្រហារភាគខាងជើងប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលដកឃ្លាគ្នាតែមួយនាទីប៉ុណ្ណោះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា។
ការផ្តល់ជូននូវជំនួយ និងការគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះបានហូរចូលមកយ៉ាងច្រើន ខណៈដែលប្រធានរដ្ឋសភាជាតិ លោក ខ័រខេ រ៉ូទ្រីហ្គេស (Jorge Rodriguez) បានថ្លែងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨៨នាក់ និងមានអ្នករងរបួសចំនួន ១.៥២០ នាក់។
រំញ័រដីបន្ទាប់បន្សំកម្រិតខ្លាំងៗនៅតែអាចដឹងបាននៅថ្ងៃទី២៥ ខែមិថុនា។ រដ្ឋ ឡា ហ្គៃរ៉ា (La Guaira) ដែលស្ថិតនៅភាគខាងជើងទីក្រុងការ៉ាកាស (Caracas) បានរងការវាយប្រហារខ្លាំងជាងគេ ហើយប្រជាពលរដ្ឋបានដើរទ្រេតទ្រតកាត់តាមគំនរបាក់បែក ទាំងស្រែកហៅឈ្មោះមនុស្សជាទីស្រឡាញ់របស់ពួកគេ ឬព្យាយាមជួយសង្គ្រោះអ្នករងរបួសទាំងគ្មានសង្ឃឹម។
លោក អានតូនីញ៉ូ ប៊ឺមូដេស (Antonio Bermudez) ដែលអគាររបស់លោកបានបាក់រលំនៅក្នុងរដ្ឋ ឡា ហ្គៃរ៉ា បាននិយាយថា «មានចំណុចមួយដែលស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ជេននីហ្វឺ (Jennifer) មកពីជាន់ទី១១ បានឆ្លើយតបមកខ្ញុំ។ប៉ុន្តែ យើងមិនមានឧបករណ៍អ្វីទាំងអស់ យើងគ្មានមធ្យោបាយដើម្បីជួយនាងឡើយ»។
លោក ប៊ឺមូដេស បានបន្តថា នៅកន្លែងផ្សេងទៀតក្នុងគំនរបាក់បែកនោះ មានឪពុកនិងកូនប្រុសម្នាក់កំពុងប្រើប្រាស់ចបជីក និងដែកស្បែង ដើម្បីគាស់ផ្ទាំងថ្មធំៗ សំដៅចូលទៅរកកូនប្រុសពីរនាក់ផ្សេងទៀតរបស់គាត់។
«ពួកគេនៅមានជីវិតនៅឡើយទេ... ប៉ុន្តែយើងមិនអាចធ្វើអ្វីបានលើសពីនេះទេ។ យើងបានប្រាប់ពួកគេកុំឱ្យប្រើសំឡេងខ្លាំងពេក និងឱ្យដកដង្ហើមខ្លីៗ ក្នុងក្តីសង្ឃឹមថា យ៉ាងហោចណាស់ក៏អ្នកទាំងបីនាក់ដែលនៅទីនោះនឹងត្រូវគេជួយសង្គ្រោះបាន»។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញផ្ទាល់ភ្នែកនូវសកម្មភាពប្រជាពលរដ្ឋចូលលួចប្លន់ទំនិញនៅក្នុងផ្សារទំនើបក្នុងក្រុងមួយក្នុងរដ្ឋ ឡា ហ្គៃរ៉ា។
ទីក្រុងឆ្នេរសមុទ្រមួយនេះត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីទាំងស្រុង ហើយប្រជាពលរដ្ឋជាច្រើនបានចំណាយពេលពេញមួយយប់នៅលើដងផ្លូវ ឬដើរស្វែងរកសាច់ញាតិរបស់ពួកគេ។
អ្នកស្រី យីលស្ម៉ារីស ប្លង់កូ (Yilsmaris Blanco) ដែលជាប្រជាពលរដ្ឋម្នាក់បានប្រាប់ AFP ថា «យើងអរព្រះគុណដល់ព្រះជាម្ចាស់ដែល... យើងនៅមានជីវិត ប៉ុន្តែមានមនុស្សជាច្រើនកំពុងរងទុក្ខវេទនានៅពេលនេះ ដោយសារតែសមាជិកគ្រួសាររបស់ពួកគេកំពុងជាប់គាំងនៅក្រោមគំនរបាក់បែក ឬត្រូវផ្ទាំងថ្មសង្កត់ជាប់ ហើយមិនអាចនាំពួកគេចេញមកក្រៅបាន»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)








