អាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារដាក់គ្នាទៅវិញទៅមក និងគ្រោងធ្វើកិច្ចចរចានៅប្រទេសកាតា

 


បរទេស  សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារដាក់គ្នាទៅវិញទៅមក ហើយគ្រោងនឹងរៀបចំកិច្ចចរចានៅថ្ងៃអង្គារខាងមុខនេះ។


នៅក្នុងរបាយការណ៍កាលពីថ្ងៃអាទិត្យ សារព័ត៌មាន Axios បានស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលបានបញ្ជាក់ថា កិច្ចចរចានេះរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងដូហា (Doha) ដែលជារដ្ឋធានីនៃប្រទេសកាតា។


ភាគីទាំងពីរបានបន្តការបាញ់ប្រហារគ្នាទៅវិញទៅមកនៅលើច្រកសមុទ្រ Hormuz បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។


រដ្ឋាភិបាលក្រុងតេហេរ៉ង់បានការពារការវាយប្រហារលើនាវាទាំងឡាយណាដែលមិនធ្វើដំណើរតាមផ្លូវដែលកំណត់ដោយអ៊ីរ៉ង់ ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខាដោយប្រទេសទាំងពីរ។




រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យនៅប្រទេសអ៊ីរ៉ាក់ថាច្រកសមុទ្រ Hormuz គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់។ លោកបានបន្ថែមថា គ្មានប្រទេស ឬស្ថាប័នផ្សេងទៀតណាមួយត្រូវទទួលខុសត្រូវឡើយ។


លោក Araghchi បានព្រមានថា រាល់ការប៉ុនប៉ងបើកបរនាវាដោយមិនអនុវត្តតាមនីតិវិធីរបស់អ៊ីរ៉ង់ នឹងមានតែធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ ពន្យារពេលក្នុងការបើកច្រកសមុទ្រឡើងវិញ និងបង្កើនភាពតានតឹងតែប៉ុណ្ណោះ។


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ថាជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post