បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីមានផែនការនាំចូលទាហានបន្ថែមចំនួន ៣០.០០០ នាក់ទៀតពីប្រទេសកូរ៉េខាងជើង។ ទោះជាយ៉ាងណា ការប្រកាសរបស់លោកមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការពីខាងភាគីរុស្ស៊ីនៅឡើយទេ។
នៅក្នុងសារវីដេអូមួយកាលពីថ្ងៃសៅរ៍ លោកហ្សេលេនស្គីបានលើកឡើងថា ការរៀបចំដើម្បីទទួលកងទ័ពទាំងនោះបាននិងកំពុងប្រព្រឹត្តទៅចាប់តាំងពីខែមិថុនាមកម្ល៉េះ នៅក្នុងតំបន់ Voronezh ភាគខាងលិចនៃប្រទេសរុស្ស៊ី។
លោកក៏បានបន្ថែមទៀតដែរថា កូរ៉េខាងជើងកំពុងរៀបចំផ្គត់ផ្គង់ជើងទម្របាញ់មីស៊ីលបាលីស្ទិកបន្ថែមទៀតឱ្យទៅប្រទេសរុស្ស៊ី។
កាលពីឆ្នាំ ២០២៤ រុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើសន្ធិសញ្ញាដៃគូការពារជាតិទៅវិញទៅមក ដែលតម្រូវឱ្យប្រទេសទាំងពីរផ្តល់ជំនួយយោធាឱ្យគ្នាទៅវិញទៅមក ក្នុងករណីមានអាសន្ន ឬមានការវាយប្រហារណាមួយកើតឡើង។
គេជឿជាក់ថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០ នាក់រួចជាស្រេចទៅកាន់តំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលជាកន្លែងកងកម្លាំងអ៊ុយក្រែនបាននិងកំពុងបើកការវាយប្រហារឆ្លងដែន។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរសេវាគ្រោះអាសន្នរដ្ឋរបស់អ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសលើរដ្ឋធានីគៀវនៅព្រឹកព្រលឹម។ ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យនៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុង និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់រងរបួស៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


