ភាពតានតឹងបានកើនឡើងជាថ្មី ខណៈលោកត្រាំចេញការគំរាមកំហែងថ្មីៗប្រឆាំងនឹងប្រទេសអុីរ៉ង់

 


បរទេស ៖ ការប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មីរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា។ បញ្ជាការដ្ឋានកណ្ដាលអាមេរិក (CENTCOM) បានឱ្យដឹងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលីស្ទិករបស់អុីរ៉ង់ ដែលបាញ់សំដៅលើកងទ័ពអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាសងសឹក ហើយបានថ្លែងថា «ពួកគេនឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។


លោកត្រាំបានថ្លែងទៅកាន់ទូរទស្សន៍ Fox News អំពីការវិវត្តចុងក្រោយកាលពីថ្ងៃពុធ។ លោកបានបញ្ជាក់ថាកងកម្លាំងអាមេរិកនឹងវាយប្រហារលើអុីរ៉ង់ «យ៉ាងធ្ងន់ធ្ងរ» ខណៈពេលជាមួយគ្នានេះ លោកបានមានប្រសាសន៍ថាលោកនឹង «បណ្តោយឱ្យពួកគេបន្តនិយាយតាមចិត្ត»។


លោកបានផ្តល់បច្ចុប្បន្នភាពស្តីពីការវាយប្រហាររបស់អាមេរិក និងអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសអុីរ៉ាក់ ដែលបានបាញ់សំដៅលើក្រុមប្រដាប់អាវុធស៊ីអ៊ីតដែលមានទាក់ទងនឹងអុីរ៉ង់។ លោកបានថ្លែងថា ការវាយប្រហារទាំងនោះត្រូវបាន «សម្របសម្រួល» ជាមួយរដ្ឋាភិបាលអុីរ៉ាក់។ លោក ត្រាំ បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងពិចារណាលើ«ការព្រមាន» បន្ថែមទៀតចំពោះក្រុមប្រូកស៊ី (ក្រុមតំណាង) របស់អុីរ៉ង់។


កងកម្លាំងចល័តប្រជាជន (PMF) នៅក្នុងប្រទេសអុីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍មួយអំពីការវាយប្រហាររបស់អាមេរិក និងអារ៉ាប៊ីសាអូឌីត។ ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអុីរ៉ង់មួយនេះ បាននិយាយថា ការវាយប្រហារបានបាញ់សំដៅលើទីស្នាក់ការកណ្តាលរបស់ PMF នៅតាមទីតាំងជាច្រើន ដោយបានសម្លាប់យុទ្ធជនចំនួន ២០ នាក់ និងបង្កឱ្យរបួស ៣២ នាក់ផ្សេងទៀត។




ការិយាល័យប្រធានាធិបតីអុីរ៉ាក់ បានថ្កោលទោសការទម្លាក់គ្រាប់បែកនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានហៅការវាយប្រហារនេះថា «មិនអាចទទួលយកបាន» និងជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។


នៅកន្លែងផ្សេងទៀតក្នុងតំបន់ ភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ដ្រូនមួយគ្រឿងបានបុកកប៉ាល់ដឹកជញ្ជូន និងរក្សាទុកឧស្ម័នរបស់អាមេរិក នៅឯកំពង់ផែ Damietta សមុទ្រមេឌីទែរ៉ាណេ របស់ប្រទេសអេហ្ស៊ីប។របាយការណ៍នេះ បានដកស្រង់ប្រភពពីក្រុមហ៊ុនសន្តិសុខនាវាចរណ៍អង់គ្លេសមួយ។


មន្ត្រីអេហ្ស៊ីបបាននិយាយថា កប៉ាល់ចំនួនពីរបានឆេះ ប៉ុន្តែពួកគេមិនទាន់បានបញ្ជាក់ថា តើមានការវាយប្រហារកើតឡើង ឬអ្វីជាមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនោះនៅឡើយទេ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post