ភ្នំពេញ ៖ សមត្ថកិច្ចបានច្រានចោលការសង្ស័យជុំវិញករណីជួញដូរមនុស្ស ឬការបោកប្រាស់ លើនារីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយបញ្ជាក់ថា នេះជាការចាកចេញពីផ្ទះដោយស្ម័គ្រចិត្ត ដើម្បីស្វែងរកការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ។
យោងតាមប្រភពព័ត៌មាន និងចម្លើយសារភាពពីភាគីពាក់ព័ន្ធបានឱ្យដឹងថា នារីនោះ មានឈ្មោះ SITI AISHAH SIREGAR BINTE SAHAT SIREGAR (ហៅ EVE) ជាជនជាតិសិង្ហបុរី។ រូបនាងបានធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមជើងហោះហើររបស់ក្រុមហ៊ុន Emirates លេខ EK-348 ហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង ៤រសៀលថ្ងៃដដែល។
មុនពេលធ្វើដំណើរមកដល់ នារីរូបនេះបានកក់បន្ទប់ស្នាក់នៅដោយខ្លួនឯង នៅខុនដូ TK Lane ជិតអង់តែនទួលគោកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈភ្នាក់ងារឈ្មោះ ឃុន ស៊ីនឌីកា (ស្រី-ជនជាតិខ្មែរ)។
ប្រភពដដែលបានបន្តថា នៅពេលមកដល់ព្រលានយន្តហោះ នាងត្រូវបានមិត្តភក្តិប្រុសម្នាក់ឈ្មោះ ដួង សទ្ធាដែលជាប្រជាពលរដ្ឋខ្មែរ និងជាប្រភពស្គាល់គ្នាតាមរយៈការលេងហ្គេមអនឡាញតាំងពីឆ្នាំ២០២៤ ទៅទទួល។
ឈ្មោះ ដួង សទ្ធា ដែលបច្ចុប្បន្នជាគ្រាន់តែជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានភាសាបរទេស (IFL) បានប្រាប់សមត្ថកិច្ចថា ឈ្មោះ EVE បានប្រាប់រូបគេកាលពីថ្ងៃទី២២ ខែកក្កដា ថា នាង នឹងមកដល់ភ្នំពេញនៅថ្ងៃទី២៨ ខែកក្កដា។ រូបគេក៏បានខ្ចីរថយន្តម៉ាក Lexus RX330 ពីមិត្តភក្តិ ទៅទទួលនាងនៅព្រលានយន្តហោះ ជូនមកកាន់ខុនដូ TK Lane ព្រមទាំងបានជូននាងទៅទិញសម្ភារៈផ្ទះបាយ និងដើរលេងកម្សាន្តធម្មតា។
ពាក់ព័ន្ធនឹងមូលហេតុនៃការចាកចេញ នារីជនជាតិសិង្ហបុរីរូបនេះបានសារភាពថា ខ្លួនមិនបានសុំការអនុញ្ញាតពីឪពុកម្តាយនោះទេ ដោយសារតែឪពុកម្តាយរបស់ខ្លួនមានកម្រិតតឹងរឹងខ្លាំង ដែលប្រាកដជាមិនអនុញ្ញាតឱ្យខ្លួនមកឡើយ។ទោះជាយ៉ាងណា ខ្លួនបានសរសេរសំបុត្រទុកឱ្យគ្រួសារមុនពេលចាកចេញ។ នាងបានបញ្ជាក់បន្ថែមថា ចាប់តាំងពីមកដល់រាជធានីភ្នំពេញ ខ្លួនពុំត្រូវបាននរណាម្នាក់បង្ខាំង ធ្វើទារុណកម្ម ឬគំរាមកំហែងអ្វីឡើយ។
ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងចម្លើយបកស្រាយរបស់ភាគីពាក់ព័ន្ធ សមត្ថកិច្ចបានសន្និដ្ឋានថា នារីរូបនេះចាកចេញពីផ្ទះដោយសារការមិនពេញចិត្ត និងសម្ពាធនៃការរឹតបន្តឹងខ្លាំងពេកពីឪពុកម្តាយ។
ពុំមានបុគ្គលណាម្នាក់ធ្វើការលួងលោម បោកបញ្ឆោត ឬពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឡើយ។ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺធ្វើឡើងដោយឆន្ទៈខ្លួនឯងផ្ទាល់ ក្នុងគោលបំណងស្វែងរកការងារធ្វើ ដោយគ្មានការបង្ខិតបង្ខំពីភាគីទីបីឡើយ៕
ប្រភព៖ លេខាធិការដ្ឋាន គ.ប.ឆ.ប.



