ប្រទេសចិន
៖ ចិនចាប់ផ្ដើមនាថ្ងៃទី២៩ធ្នូសមយុទ្ធយោធាចម្បងមួយ
នៅជុំវិញកោះតៃវ៉ាន់ដោយសមយុទ្ធនោះមានឈ្មោះថា
បេសកកម្មយុត្តិធម៌២០២៥ ពេលកំពុងមានភាពតានតឹងខ្លាំង
ដោយសារតែអាមេរិកលក់ឲ្យកោះតៃវ៉ាន់នូវគ្រឿងសព្វាវុធថ្មីៗ។
ដោយសារសមយុទ្ធនោះកោះតៃវ៉ាន់បានដាក់ពង្រាយកងទ័ពខ្លួនបកវិញ។
ក្នុងក្របខណ្ឌនៃសមយុទ្ធនោះកងទ័ពចិនបានប្រើបណ្ដានាវាពិឃាត
យន្តហោះប្រដេញ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងដ្រូន។
ក្នុងសមយុទ្ធនោះមានការបាញ់គ្រាប់ពិតលើបណ្ដាគោលដៅក្នុងសមុទ្រនៅភាគខាងជើងនិងភាគនីរតីតៃវ៉ាន់។
ក្នុងសមយុទ្ធនេះកងទ័ពចិននឹងផ្ដោតលើការល្បាតរៀបចំការប្រយុទ្ធអាកាស-សមុទ្រ
បង្កើនឧត្ដមភាពជាសកល ឡោមព័ទ្ធបណ្ដាកំពង់ផែនិងតំបន់គន្លឹះនានា។
នេះបើតាមសេចក្ដីប្រកាសមួយរបស់អ្នកនាំពាក្យម្នាក់នៃកងទ័ពចិន។
សេចក្ដីប្រកាសដាច់ដោយឡែកមួយទៀតរបស់កងទ័ពចិនអះអាងថា
តំបន់៥នៅជុំវិញកោះតៃវ៉ាន់
នឹងមានរៀបចំការបាញ់គ្រាប់ពិតពីម៉ោង៨ព្រឹក ដល់ម៉ោង១៨
ថៃ្ងទី៣០ ធ្នូ សេចក្ដីប្រកាសនោះបន្តថា
ដោយសារហេតុផលសន្តិសុខសូមណែនាំដល់បណ្ដានាវា
និងយន្តហោះដែលមិនទាក់ទិនកុំឲ្យចូលក្នុងដែនទឹកឬដែនអាកាសនៅតំបន់ធ្វើសមយុទ្ធ។
ចំណែកកងឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់អះអាងថា
ប្រទះឃើញនាវាចិន៤គ្រឿងនៅជិតដែនទឹកនៃកោះឆ្នេរសមុទ្រខាងជើងនិងខាងកើតតៃវ៉ាន់នាថ្ងៃទី២៩
ធ្នូ ដោយបន្តថា បានដាក់ពង្រាយភ្លាមៗបណ្ដានាវា
ដើម្បីត្រៀមតបតក្នុងបណ្ដាតំបន់ទាក់ទិននិងបញ្ជូនបណ្ដាកងឯកភាពជួយទ្រទ្រង់បន្ថែម៕

