មន្ត្រីអាមេរិកព្យាករណ៍ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ក្នុងពេលឆាប់ៗ ខណៈរដ្ឋាភិបាលក្រុងតេហេរ៉ង់ថាខ្លួនអាចតស៊ូបានយូរជាងសត្រូវ

 


..អា  មន្ត្រីអាមេរិក ដែលកំពុងឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចជុំវិញតម្លៃប្រេងឡើងថ្លៃ បានព្យាករណ៍កាលពីថ្ងៃទី ១៥ ខែមីនាថា សង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ហើយការធ្លាក់ចុះនៃតម្លៃថាមពលនឹងកើតមានឡើងតាមក្រោយ បើទោះបីជាមានការអះអាងពីអ៊ីរ៉ង់ថាខ្លួននៅតែ"ស្ថិតស្ថិរ និងរឹងមាំក៏ដូចជាត្រៀមខ្លួនការពារខ្លួនឯងក៏ដោយ។


ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារបន្ថែមទៀតលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ហើយបាននិយាយថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការសម្រេចកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ដែលបានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ និងធ្វើឱ្យកក្រើកទីផ្សារថាមពលពិភពលោកនោះទេ។




យោងតាមកាសែត Wall Street Journal ដែលដកស្រង់សម្តីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រដ្ឋបាលលោកត្រាំគ្រោងនឹងប្រកាសយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះថា ប្រទេសជាច្រើនបានយល់ព្រមបង្កើតសម្ព័ន្ធភាពដើម្បីអមដំណើរនាវាឆ្លងកាត់ផ្លូវទឹកដ៏ចង្អៀតនេះ ប៉ុន្តែពួកគេកំពុងពិភាក្សាថាតើប្រតិបត្តិការទាំងនោះគួរចាប់ផ្តើមមុន ឬក្រោយពេលបញ្ចប់ការប្រយុទ្ធគ្នា។


វិមានសេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។


លោកត្រាំ ដែលកាលពីថ្ងៃទី ១៣ ខែមីនា បាននិយាយថា កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមអមដំណើរនាវាដឹកប្រេង "ក្នុងពេលឆាប់ៗនេះបានលើកឡើងថា អ៊ីរ៉ង់ចង់ចរចា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃទី ១៥ ខែមីនា បានបដិសេធការអះអាងនោះ។




លោក Araghchi បានប្រាប់កម្មវិធី Face the Nation របស់ទូរទស្សន៍ CBS ថា៖ «យើងមិនដែលស្នើសុំបទឈប់បាញ់ ហើយយើងក៏មិនដែលស្នើសុំសូម្បីតែការចរចាដែរ។ យើងត្រៀមខ្លួនការពារខ្លួនឯងឱ្យបានយូរតាមដែលអាចធ្វើទៅបាន»


ស្របពេលដែលតម្លៃប្រេងឆៅកំពុងស្ថិតក្នុងរង្វង់ ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល មន្ត្រីរដ្ឋបាលត្រាំបានទទូចថាសញ្ញាទាំងអស់ចង្អុលបង្ហាញពីការបញ្ចប់ជម្លោះក្នុងពេលដ៏ខ្លីខាងមុខ។


រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បានប្រាប់កម្មវិធី This Week របស់ទូរទស្សន៍ ABC ថា៖«ជម្លោះនេះនឹងឈានដល់ទីបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ពិតប្រាកដណាស់អាចឆាប់ជាងនេះទៅទៀត... ហើយយើងនឹងឃើញការងើបឡើងវិញនៃតុល្យភាពផ្គត់ផ្គង់ និងការធ្លាក់ចុះនៃតម្លៃបន្ទាប់ពីនោះ»


ទន្ទឹមនឹងនោះ លោក Araghchi បានព្យាយាមបង្ហាញពីភាពរឹងមាំរបស់ខ្លួន។


លោក Araghchi បានប្រាប់ CBS ថា៖ «វាមិនមែនជាសង្គ្រាមដើម្បីការរស់រានមានជីវិតនោះទេ។ យើងមានស្ថិរភាពនិងរឹងមាំគ្រប់គ្រាន់។ យើងមិនឃើញហេតុផលណាមួយដែលយើងគួរនិយាយជាមួយអាមេរិកនោះទេ ព្រោះយើងកំពុងតែនិយាយជាមួយពួកគេនៅពេលដែលពួកគេសម្រេចចិត្តវាយប្រហារយើង ហើយនោះគឺជាលើកទីពីរហើយ»




ខណៈដែលសង្គ្រាមឈានចូលដល់សប្តាហ៍ទីបី លោកត្រាំបាននិយាយកាលពីថ្ងៃទី ១៤ ខែមីនាថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបាន "កម្ទេចទាំងស្រុងនូវផ្នែកជាច្រើននៃកោះ Kharg និងបានព្រមានអំពីការវាយប្រហារបន្ថែមទៀត ដោយបានប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃទី ១៤ ខែមីនាថា៖ «យើងអាចនឹងវាយប្រហារវាពីរបីដងទៀត គ្រាន់តែដើម្បីការកម្សាន្ត (for fun)»


មតិយោបល់ទាំងនេះបានបង្ហាញពីការបង្កើនជម្លោះយ៉ាងខ្លាំងក្លាពីសំណាក់លោកត្រាំ ដែលពីមុនធ្លាប់បាននិយាយថាសហរដ្ឋអាមេរិកកំណត់គោលដៅតែលើទីតាំងយោធានៅលើកោះ Kharg ប៉ុណ្ណោះ ហើយវាបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាម ដែលបានរីករាលដាលពេញមជ្ឈិមបូព៌ា និងបានសម្លាប់មនុស្សជាង .០០០ នាក់ ដែលភាគច្រើននៅអ៊ីរ៉ង់ និងលីបង់។


ប្រភពបីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានច្រានចោលការប៉ុនប៉ងរបស់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ាដើម្បីបើកការចរចា ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃទី ១៥ ខែមីនាថា ពួកគេបានបាញ់មីស៊ីលបន្ថែមទៀតទៅលើអ៊ីស្រាអែល និងមូលដ្ឋានអាមេរិកចំនួនបីនៅក្នុងតំបន់។


ប៉ុន្តែអ៊ីស្រាអែល និងលីបង់ ត្រូវគេរំពឹងថានឹងបើកកិច្ចពិភាក្សានៅក្នុងថ្ងៃខាងមុខនេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវបទឈប់បាញ់ ដែលនឹងឃើញក្រុម Hezbollah គាំទ្រដោយអ៊ីរ៉ង់ត្រូវរំសាយអាវុធ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ៊ីស្រាអែលពីររូប។ ប្រទេសលីបង់ត្រូវបានទាញចូលក្នុងសង្គ្រាម នៅពេលដែលក្រុម Hezbollah បានបើកការបាញ់ប្រហារទៅលើអ៊ីស្រាអែល ដោយនិយាយថាវាគឺជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ហើយអ៊ីស្រាអែលបានឆ្លើយតបវិញជាមួយនឹងការវាយលុកយ៉ាងសាហាវ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post