ស.រ.អា ៖ ដៃគូសហព័ន្ធរបស់សហរដ្ឋអាមេរិកជាច្រើន បានបដិសេធការអំពាវនាវរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែមីនា ក្នុងការបញ្ជូននាវាចម្បាំងដើម្បីទៅការពារការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស (Hormuz) ដែលទង្វើនេះបានទាក់ទាញការរិះគន់ពីប្រធានាធិបតីអាមេរិក ដោយលោកបានចោទប្រកាន់ដៃគូលោកខាងលិចថាជាពួករមិលគុណ បន្ទាប់ពីទទួលបានការគាំទ្រអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។
សង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី៣ ហើយ ដោយមិនទាន់ឃើញមានសញ្ញានៃការបញ្ចប់នៅឡើយទេ ដែលវាបានបិទច្រកសមុទ្រហ័រមូស ស្ទើរតែទាំងស្រុង ដែលជាកន្លែងឆ្លងកាត់ ២០ភាគរយនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ដោយធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងបង្កឱ្យមានការបារម្ភចំពោះបញ្ហាកើនឡើងនៃអតិផរណា។
ជម្លោះនេះបានបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលពួកគេមិនត្រូវបានពិគ្រោះយោបល់ជាមុនឡើយ មុនពេលមានការវាយប្រហារតាមអាកាសលើប្រទេសអ៉ីរ៉ង់ ហើយពួកគេក៏បានស៊ូទ្រាំនឹងការរិះគន់យ៉ាងខ្លាំង និងការគំរាមកំហែងបែបបង្ករឿងជាច្រើនខែពីលោកត្រាំ ចាប់តាំងពីលោកបានត្រឡប់មកកាន់អំណាចវិញ។
ដៃគូសហរដ្ឋអាមេរិកមួយចំនួន រួមមានអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី បាននិយាយថា ពួកគេមិនមានផែនការភ្លាមៗក្នុងការបញ្ជូននាវា ដើម្បីជួយបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញឡើយ ដែលផ្លូវទឹកនេះត្រូវបានប្រទេសអ៉ីរ៉ង់បិទយ៉ាងមានប្រសិទ្ធភាពដោយប្រើប្រាស់ដ្រូន និងមីនក្នុងទឹក។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានមានប្រសាសន៍នៅទីក្រុងបែរឡាំងថា៖ «យើងខ្វះអាណត្តិពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ឬអង្គការណាតូ ដែលតម្រូវដោយច្បាប់មូលដ្ឋាន (Basic Law)» ដោយលោកបានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអ៉ីស្រាអែល មិនបានពិគ្រោះជាមួយប្រទេសអាល្លឺម៉ង់ទេ មុនពេលចាប់ផ្ដើមធ្វើសង្គ្រាម។
លោកត្រាំ ដែលកំពុងថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសជាច្រើនបានប្រាប់លោកថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ ប៉ុន្តែលោកបានបង្ហាញការមិនពេញចិត្តចំពោះសម្ព័ន្ធមិត្តយូរអង្វែងមួយចំនួន ដែលកំពុងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ថា៖ «ប្រទេសខ្លះមានការស្វាហាប់ខ្លាំងចំពោះរឿងនេះ ហើយខ្លះទៀតមិនមានទេ។ ខ្លះគឺជាប្រទេសដែលយើងបានជួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏គួរឱ្យរន្ធត់ ប៉ុន្តែពួកគេហាក់ដូចជាមិនសូវមានការស្វាហាប់សោះ។ ហើយកម្រិតនៃភាពស្វាហាប់នេះ គឺជារឿងសំខាន់សម្រាប់ខ្ញុំ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



