រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងរយៈពេលមិនដល់ ១២ម៉ោង បន្ទាប់ពីកើតមានករណីធ្វើទារុណកម្មបណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយយកសពទៅបោះចោលលើផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខបុរីភ្នំពេញថ្មី។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវយ៉ាងសកម្ម រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានកំណត់ទីតាំង និងឃាត់ខ្លួនជនសង្ស័យ នៅក្នុងបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់។
ជនសង្ស័យឈ្មោះ KE ZETAO ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ជាអ្នកបើករថយន្តដែលបានយកសពទៅបោះចោល។ តាមការត្រួតពិនិត្យ មិនឃើញមានសារធាតុញៀននៅក្នុងខ្លួនទេ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួកពាក់ព័ន្ធបន្ត។





