ស.រ.អា ៖ កាលពីថ្ងៃទី ១៩ ខែមីនា ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកយកភាពស្រដៀងគ្នារវាងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហាររបស់ជប៉ុនលើកំពង់ផែ Pearl Harbor កាលពីច្រើនទសវត្សរ៍មុនខណៈដែលលោកបានការពារសកម្មភាពសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងវ៉ាស៊ីនតោន។
លោកត្រាំបាននិយាយថា «យើងចង់បានភាពភ្ញាក់ផ្អើល។ តើអ្នកណាដឹងច្បាស់អំពីភាពភ្ញាក់ផ្អើលជាងជប៉ុននោះ? ហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំអំពី Pearl Harbor?» នៅពេលដែលអ្នកសារព័ត៌មានម្នាក់បានសួរថា ហេតុអ្វីបានជាលោកមិនបានប្រាប់សម្ព័ន្ធមិត្តអំពីផែនការសង្គ្រាមរបស់លោក។
លោកបានបន្តទៀតថា «អ្នកជឿជាក់លើភាពភ្ញាក់ផ្អើល ខ្ញុំគិតថាដឹងអំពីវាជាងយើងទៅទៀត»។
លោកស្រី Takaichi បានបើកភ្នែកធំៗ និងបានរំកិលខ្លួននៅលើកៅអី ខណៈដែលលោកត្រាំ ដែលកំពុងអង្គុយក្បែរលោកស្រីក្នុងថ្ងៃនោះ នៅក្នុងការិយាល័យពងក្រពើ បានរំលឹកដល់ខណៈពេលដែលបានទាញសហរដ្ឋអាមេរិកឱ្យចូលក្នុងសង្គ្រាមលោកលើកទី ២។
ការវាយប្រហាររបស់ជប៉ុនលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅកំពង់ផែ Pearl Harbor រដ្ឋហាវ៉ៃ កាលពីថ្ងៃទី ៧ ខែធ្នូឆ្នាំ ១៩៤១ បានសម្លាប់ជនជាតិអាមេរិកចំនួន ២.៣៩០ នាក់ ហើយសហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមលើប្រទេសជប៉ុននៅថ្ងៃបន្ទាប់។
ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt បានហៅវាថាជា «ថ្ងៃដែលនឹងបន្សល់ទុកនូវភាពអាម៉ាស់ជាអមតៈ»។
សហរដ្ឋអាមេរិកបានយកឈ្នះលើប្រទេសជប៉ុននៅខែសីហា ឆ្នាំ ១៩៤៥ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុង Hiroshima និងទីក្រុង Nagasaki បានសម្លាប់ជនស៊ីវិលរាប់សែននាក់៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


