ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន នាថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៦នេះ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់នៅសង្កាត់ចោមចៅទី១-២ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល កាលពីពេលថ្មីៗកន្លងទៅនេះ ។
មន្ត្រីអាវុធហត្ថនិយាយថា បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និងបន្ទប់ជួលគ្មានលេខ ភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងចំណុច ផ្ទះជួលលេខ១៣(បុរីML) ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល និងបន្តទៅឆែកឆេរនៅចំណុច បន្ទប់ជួលលេខ១៤ ភូមិកំបូលសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង០៤នាក់ រួមមាន ៖ ១-ឈ្មោះ សាន្ដ ភារៈ ហៅទី ភេទប្រុស អាយុ២៩ឆ្នាំ, ២-ឈ្មោះ ហាន សុឃីម ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ, ៣-ឈ្មោះ ថន ធូ ហៅធូ ភេទប្រុស អាយុ៣២ឆ្នាំនិង៤-ឈ្មោះ ឈុន ពិសិដ្ឋ ហៅមាន់ ភេទប្រុស អាយុ៣៥ឆ្នាំ។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ១៦កញ្ចប់ ស្មើនឹងទម្ងន់ (៦៩៤,៨៨ក្រាម), ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕(ដោយ BBN04)





