ប៉ាគីស្ថានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាព ខណៈអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថាមានផែនការវាយលុកតាមផ្លូវគោក

 


បរទេស  ប្រទេសប៉ាគីស្ថានបានឲ្យដឹងកាលពីថ្ងៃទី២៩ ខែមីនាថា ខ្លួនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃ "កិច្ចចរចាដែលមានអត្ថន័យដើម្បីបញ្ចប់ជម្លោះលើបញ្ហាប្រទេសអ៊ីរ៉ង់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ទោះបីជារដ្ឋាភិបាលក្រុងតេហេរ៉ង់កាលពីពេលមុនបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាកំពុងរៀបចំការវាយលុកតាមផ្លូវគោកក្នុងអំឡុងពេលស្វែងរកការចរចាក៏ដោយ។


ថ្លែងបន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយថា ភាគីពាក់ព័ន្ធបានពិភាក្សាលើមធ្យោបាយដែលអាចទៅរួច ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមក្នុងតំបន់ឱ្យបានឆាប់រហ័ស និងជាអចិន្ត្រៃយ៍ ក៏ដូចជាលទ្ធភាពនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាត (Islamabad) ផងដែរ។


លោកបានថ្លែងថា៖ «ប៉ាគីស្ថាននឹងមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលកិច្ចចរចាដែលមានអត្ថន័យរវាងភាគីទាំងពីរក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីឈានទៅរកដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងនៃជម្លោះដែលកំពុងបន្តនេះ» ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថា តើសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមចូលរួមដែរឬយ៉ាងណាទេ។




ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញលទ្ធភាពនៃកិច្ចចរចានៅក្នុងប្រទេសប៉ាគីស្ថាននេះនៅឡើយទេ។


អ្វីដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានកាន់តែមានភាពស្មុគស្មាញនោះគឺ ជំហរទាមទារអតិបរមាដែលកំណត់ដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ជុំវិញលក្ខខណ្ឌដែលត្រូវប្រើដើម្បីបញ្ចប់ជម្លោះ។


ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីព្រឹកមិញបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្ញើសារអំពីលទ្ធភាពនៃកិច្ចចរចា ប៉ុន្តែក្នុងពេលជាមួយគ្នានោះ បែរជាគ្រោងបញ្ជូនកងទ័ពទៅវិញ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប ប្រសិនបើកងទ័ពអាមេរិកត្រូវបានដាក់ពង្រាយ។


លោកបានបញ្ជាក់ក្នុងសារផ្ញើជូនប្រជាជាតិថា៖ «ដរាបណាអាមេរិកនៅតែស្វែងរកការចុះចាញ់របស់អ៊ីរ៉ង់ ចម្លើយរបស់យើងគឺថា យើងនឹងមិនទទួលយកការប្រមាថមើលងាយជាដាច់ខាត»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



أحدث أقدم