គ្រាន់តែហាមឃាត់កុំឱ្យឡូឡា ដកកាំបិតចាក់ម្ចាស់ផ្ទះក្ស័យជីវិត

 


ភ្នំពេញ  បុរសជាអ្នកជួលបន្ទប់ជួលស្នាក់នៅម្នាក់ បានដកកាំបិតចុងស្រួចចាក់ស.ម្លាប់ ម្ចាស់ផ្ទះជួលបណ្តាលឱ្យបាត់បង់ជីវិតរួចរត់គេចខ្លួន ដោយមូលហេតុហាមឃាត់កុំឱ្យឡូឡា កើតឡើងកាលពីវេលាម៉ោង៦និង ៣០នាទីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុងច្រកបឹងកំប្លោក ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។


សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ទីលំនៅផ្ទះកើតហេតុខាងលើ។ ចំណែកជនដៃដល់ឈ្មោះ ហេង វីវៈ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិជីប្រាយ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលជាន់ឡៅតឿ ទីតាំងកើតហេតុខាងលើ (បច្ចុប្បន្នគេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន)




យោងតាមការបំភ្លឺពីសាក្សីភេទស្រី អាយុ៤៣ឆ្នាំ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៥និង៣០នាទីល្ងាច ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៦ ខណៈពេលនាងកំពុងអង្គុយបោកខោអាវនៅខាងមុខបន្ទប់ជួលនៅជាន់ទី១ ក៏បានឃើញជនសង្ស័យជិះម៉ូតូចូលមកក្នុងបរិវេណកន្លែងចំណតម៉ូតូរួចស្រែកថា «អញមិនខ្លាចអាណា ហើយជនរងគ្រោះបានស្រែកតបវិញថា អញគ្រាន់តែប្រាប់ហែងកុំឱ្យឡូឡាពេក រួចជនសង្ស័យក៏ដើរឡើងទៅបន្ទប់ជួលគាត់»


សាក្សីបន្តថា លុះនៅវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានដើរយួរសំរាមចំនួន២ស្បោងចុះទៅក្រោម ហើយជួបនិយាយជាមួយជនរងគ្រោះ និងបានដកកាំបិតចាក់ជនរងគ្រោះបណ្ដាលឱ្យរបួសហូរឈាម យកកាំបិតបោះចោលនៅមុខជណ្តើរ រួចរត់គេចខ្លួនទៅខាងមុខបាត់ ក្រោយមកក៏មានរថយន្តសង្គ្រោះមកដល់ពិនិត្យជនរងគ្រោះទើបដឹងថាស្លាប់បាត់ទៅហើយ»




យោងរូបភាពកាមេរ៉ាសុវត្ថិភាពបង្ហាញថា ដំបូងគេឃើញសកម្មភាពជនរងគ្រោះកំពុងឈររៀបម៉ូតូនៅបរិវេណខាងក្រោយផ្ទះ ហើយជនសង្ស័យបានដើរយួរស្បោងសំរាមចំនួន២ចុះពីកាំជណ្ដើរខាងក្រោយមកជួបនិយាយជាមួយជនរងគ្រោះ រួចបានដកកាំបិតចេញមកចាក់ទៅលើជនរងគ្រោះ ហើយបានបោះកាំបិតចោលនៅមុខជណ្តើរផ្ទះខាងក្រោយ និងដើរយួរស្បោងសំរាម១ដើរទៅបរិវេណខាងមុខផ្ទះបោះចោលរត់គេចខ្លួនបាត់តែម្តង។


បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយខ្សោះឈាម ពាក់ព័ន្ធករណីឃាតកម្ម ចាក់បណ្ដាលឲ្យស្លាប់» សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយBBN04)



أحدث أقدم