ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះឃ្លាំងស្តុកទូក្លាស្សេ ស្ថិតនៅផ្លូវវិមានភ្នំពេញ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង ១០និង១០នាទីព្រឹកមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះសំ រតនៈ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ (តំណាងម្ចាស់ទីតាំង) មុខរបរអ្នកគ្រប់គ្រង ។ ឃ្លាំងដែលឆេះសង់ពីថ្មប្រក់ស័ង្កសី មានទំហំ ១២,៥ម៉ែត្រគុណនឹង៦០ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារៈ ឆេះឃ្លាំងទូក្លាស្សេ ហើយបានឆេះរាលទៅដល់ឃ្លាំងស្តុកទុកសម្ភារៈគ្រឿងសំណង់ទំហំ ២៥ម៉ែត្រគុណនឹង៦០ម៉ែត្រចំនួន ០១ឃ្លាំង ,ឆេះឃ្លាំងស្តុកទុកប្រេងឆា មានទំហំ ២៥ម៉ែត្រគុណនឹង៦០ម៉ែត្រចំនួន ០១ឃ្លាំង រួមទាំងអីវ៉ាន់ក្នុងឃ្លាំងអស់ទាំងស្រុង។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យរបួសមនុស្ស០៤នាក់រួមមាន ១-ឈ្មោះ វិរៈ និស្ស័យ ភេទប្រុស អាយុ ១៦ឆ្នាំ ជាក្រុមជំនួយស្ម័ត្រចិត្ត , ២-ឈ្មោះ សុខ ទីន ភេទប្រុស អាយុ ២២ឆ្នាំ ជាក្រុមជំនួយស្ម័ត្រចិត្ត ,៣-ឈ្មោះ ម៉ម សុមង្គលភេទប្រុស អាយុ ១៧ឆ្នាំ ជាក្រុមជំនួយស្ម័ត្រចិត្ត និង៤-ឈ្មោះ គឹម ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកនេសាទ។
ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២១០ឡាន និងរថយន្តជំនួយក្រសួងមហាផ្ទៃ០៤គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ,រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ១៨ឡាន ,រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ០៣គ្រឿងប្រើប្រាស់ទឹកអស់០៦ ឡាន,រថយន្តអគ្គិភ័យបុរីប៉េងហួត០២គ្រឿង ប្រើប្រាស់ទឹកអស០៦ឡាន ,រថយន្តអគ្គិភ័យបុរីវិមានភ្នំពេញ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ហើយពន្លត់ចប់នៅម៉ោង៥និង០៥នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល៕ (ដោយ BBN04)













