លោកដូណាល់ ត្រាំ ថា គណៈប្រតិភូរបស់លោកកំពុងធ្វើដំណើរទៅប៉ាគីស្ថានដើម្បីចរចាជាមួយអ៊ីរ៉ង់

 


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា គណៈប្រតិភូរបស់លោកកំពុងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីធ្វើការចរចាជាមួយប្រទេសអ៊ីរ៉ង់។ សំណួរដែលកំពុងកើតឡើងនោះគឺថា តើការចរចាដោយផ្ទាល់ជុំទីពីររវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់ នឹងអាចលេចចេញជារូបរាងពិតប្រាកដដែរឬយ៉ាងណា។


លោកត្រាំបានបង្ហើបឱ្យដឹងតាមរយៈការបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា តំណាងរបស់លោកនឹងមានវត្តមាននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) "នៅល្ងាចថ្ងៃស្អែក"


សេតវិមានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន NHK ថា អនុប្រធានាធិបតីលោក JD Vance បេសកជនពិសេសលោកSteve Witkoff និងកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner នឹងចូលរួមក្នុងការចរចានេះ។


លោកត្រាំក៏បានបញ្ចេញមតិបន្ថែមនៅក្នុងសារបង្ហោះនោះដែរថា៖ "អ៊ីរ៉ង់បានសម្រេចចិត្តបាញ់កាំភ្លើងកាលពីម្សិលមិញនៅច្រកសមុទ្រ Hormuz ដែលនេះគឺជាការរំលោភបំពានទាំងស្រុងលើកិច្ចព្រមព្រៀងឈប់បាញ់របស់យើង!"


លោកបានវែកញែកថា សហរដ្ឋអាមេរិកកំពុង "ផ្តល់នូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមហេតុផលបំផុតហើយលោកសង្ឃឹមថាអ៊ីរ៉ង់នឹងទទួលយកវា។ លោកបានព្រមានទៀតថា ប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកទេ នោះប្រទេសរបស់លោក "នឹងវាយកម្ទេចរោងចក្រអគ្គិសនី និងស្ពានគ្រប់កន្លែងទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់"




ចំណែកទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់នៅមិនទាន់សម្រេចចិត្តបញ្ជូនក្រុមចរចាទៅកាន់ប្រទេសប៉ាគីស្ថាននៅឡើយទេ។ ទីភ្នាក់ងារនេះត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)


Tasnim បានរាយការណ៍ថា ដរាបណាការប្រកាសរបស់លោកត្រាំទាក់ទងនឹងការបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងអ៊ីរ៉ង់នៅតែមាន នោះការចរចានឹងមិនអាចកើតឡើងបានទេ។ ទីភ្នាក់ងារនេះក៏បានបង្ហាញផងដែរថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបន្តផ្លាស់ប្តូរសារតាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន បន្ទាប់ពីការចរចាដោយផ្ទាល់ជុំទីមួយបានបញ្ចប់។


ទោះជាយ៉ាងណាក៏ដោយ Tasnim បានបញ្ជាក់ថា ការផ្លាស់ប្តូរសារទាំងនោះមានសភាពស្រដៀងទៅនឹងអ្វីដែលបានកើតឡើងក្នុងអំឡុងពេលចរចាជុំទីមួយដែរ ដោយបានបន្ថែមថា ការចរចាបានបញ្ចប់ទៅដោយគ្មានផ្លែផ្កាដោយសារតែ "ការទាមទារ និងមហិច្ឆតាជ្រុលហួសហេតុរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕(ប្រែសម្រួលដោយពិសិដ្ឋ សំណាង)



Previous Post Next Post