សហរដ្ឋអាមេរិកពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់

 


..អា  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានពន្យារពេលបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ដោយគ្មានកំណត់ កាលពីថ្ងៃទី ២១ ខែមេសា តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលបទឈប់បាញ់នេះត្រូវផុតកំណត់ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងពីរអាចបន្តកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានធ្វើឱ្យកក្រើកសេដ្ឋកិច្ចពិភពលោក។


នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម លោកត្រាំបានមានប្រសាសន៍ថា លោកបានយល់ព្រមតាមសំណើរបស់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាព “ដើម្បីផ្អាកការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងតំណាងរបស់ពួកគេអាចដាក់ចេញនូវសំណើរួមគ្នាមួយ


ការប្រកាសរបស់លោកត្រាំមើលទៅហាក់ដូចជាការសម្រេចចិត្តឯកតោភាគី ហើយគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗទេថា តើប្រទេសអ៊ីរ៉ង់ ឬអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក នឹងយល់ព្រមពន្យារពេលបទឈប់បាញ់ ដែលបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុននេះឬយ៉ាងណាទេ។ លោកត្រាំក៏បានបញ្ជាក់ផងដែរថា លោកនឹងបន្តការបិទខ្ទប់កំពង់ផែនិងឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក ដែលមេដឹកនាំអ៊ីរ៉ង់បានហៅទង្វើនេះថាជាសកម្មភាពសង្គ្រាម។


មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីសំណាក់មេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានTasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់មិនបានស្នើសុំឱ្យមានការពន្យារពេលបទឈប់បាញ់នោះទេ ហើយថែមទាំងបានព្រមានជាថ្មីថានឹងប្រើកម្លាំងបំបែកការបិទខ្ទប់របស់អាមេរិកទៀតផង។ទីប្រឹក្សារបស់ប្រធានអ្នកចរចាអ៊ីរ៉ង់ គឺលោក Mohammad Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់ បាននិយាយថាការប្រកាសរបស់លោកត្រាំមានតម្លៃតិចតួចណាស់។




លោក Mahdi Mohammadi ទីប្រឹក្សារបស់ប្រធានសភា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមថា «ការពន្យារពេលបទឈប់បាញ់របស់លោកត្រាំ ប្រាកដណាស់គឺជាល្បិចកលដើម្បីទិញពេលវេលាសម្រាប់ការវាយប្រហារដោយមិនឱ្យដឹងខ្លួន» ដោយលោកបានហៅការបិទខ្ទប់របស់អាមេរិកថាជាការឈ្លានពានយោធាដែលកំពុងបន្ត។ លោកបានបន្ថែមថា «ពេលវេលាសម្រាប់អ៊ីរ៉ង់ក្នុងការចាត់វិធានការបានមកដល់ហើយ»


លោកត្រាំបាននិយាយថា លោកបានពន្យារពេលបទឈប់បាញ់ ដែលបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន រហូតដល់សំណើរបស់អ៊ីរ៉ង់ “ត្រូវបានដាក់ជូន ហើយការពិភាក្សាត្រូវបានបញ្ចប់ ទោះក្នុងលទ្ធផលណាក៏ដោយ


នេះគឺជាករណីចុងក្រោយបង្អស់ដែលលោកត្រាំបានដកថយវិញនៅនាទីចុងក្រោយ បន្ទាប់ពីការគំរាមកំហែងដដែលៗរបស់លោកក្នុងការទម្លាក់គ្រាប់បែកលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងអ្នកដទៃទៀតបានថ្កោលទោសចំពោះការគំរាមកំហែងទាំងនេះ ដោយកត់សម្គាល់ថាច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ការវាយប្រហារដែលកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។




លោកត្រាំ ដែលបានរួមគ្នាជាមួយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បាននិយាយថាលោកបានសម្រេចចិត្តពន្យារពេលបទឈប់បាញ់នេះ ដោយសារតែ «រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដែលវាមិនមែនជារឿងហួសពីការរំពឹងទុកនោះទេ» ដែលនេះជាការសំដៅទៅលើការធ្វើឃាដមេដឹកនាំមួយចំនួនរបស់ប្រទេសនេះដោយអាមេរិក និងអ៊ីស្រាអែល រួមទាំងអតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវបានស្នងតំណែងដោយកូនប្រុសរបស់លោក។


លោកត្រាំបានបន្តថា លោកនឹងបន្តការបិទខ្ទប់កំពង់ផែ និងឆ្នេរសមុទ្រអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក។ ការបិទខ្ទប់របស់សហរដ្ឋអាមេរិកបានក្លាយជាចំណុចទាល់ច្រក ខណៈដែលប្រទេសទាំងពីរមានភាពរារែកក្នុងសប្តាហ៍នេះ ថាតើគួរបញ្ជូនអ្នកចរចាទៅកាន់កិច្ចចរចាសន្តិភាពជុំទីពីរនៅទីក្រុងអ៊ីស្លាម៉ាបាត (Islamabad) ដែលជារដ្ឋធានីរបស់ប៉ាគីស្ថានឬយ៉ាងណា។


ការពន្យារពេលបទឈប់បាញ់នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកត្រាំ បាននិយាយថា លោកមិនចង់បន្តបទឈប់បាញ់បណ្តោះអាសន្ននេះទេ ហើយយោធាអាមេរិក «បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាព»


លោកបានប្រាប់ទូរទស្សន៍ CNBC នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិកស្ថិតក្នុងជំហរចរចាដ៏រឹងមាំ ហើយនឹងទទួលបានអ្វីដែលលោកហៅថាជា «កិច្ចព្រមព្រៀងដ៏អស្ចារ្យ»


នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានថ្លែងអំណរគុណដល់លោកត្រាំ នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម ចំពោះការ «យល់ព្រមដោយសប្បុរសតាមសំណើរបស់យើង ដើម្បីពន្យារពេលបទឈប់បាញ់ដើម្បីទុកពេលឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្តដំណើរការទៅមុខ»


លោក Sharif បានសរសេរថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តគោរពបទឈប់បាញ់ និងអាចឈានដល់ការសន្និដ្ឋាននៃ ‘កិច្ចព្រមព្រៀងសន្តិភាព’ គ្រប់ជ្រុងជ្រោយមួយ ក្នុងអំឡុងពេលកិច្ចចរចាជុំទីពីរដែលគ្រោងធ្វើនៅទីក្រុងអ៊ីស្លាម៉ាបាត ដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍»


យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើកិច្ចចរចាជុំទីពីរនោះនឹងត្រូវកំណត់ធ្វើឡើងនៅពេលណាឬថាតើនឹងមានការរៀបចំឡើងពិតប្រាកដមែនឬយ៉ាងណា៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post