អ៊ីរ៉ង់រឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz បន្ទាប់ពីលោកត្រាំបោះបង់ចោលការវាយប្រហារ

 


បរទេស  អ៊ីរ៉ង់បានរឹបអូសយកនាវាចំនួនពីរគ្រឿងនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃទី ២២ ខែមេសា ដោយបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលការវាយប្រហារ ខណៈដែលមិនទាន់មានសញ្ញានៃការចាប់ផ្ដើមការចរចាសន្តិភាពឡើងវិញនៅឡើយ។


លោកត្រាំ នៅតែបន្តរក្សាការបិទខ្ទប់ផ្លូវទឹកពាណិជ្ជកម្មរបស់អ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក ហើយប្រធានសភានិងជាអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយថា បទឈប់បាញ់ពេញលេញមួយនឹងមានន័យ លុះត្រាតែការបិទខ្ទប់នេះត្រូវបានដកចេញ។ លោក Qalibaf បានសរសេរនៅលើបណ្តាញសង្គម X ថា ការបើកច្រកសមុទ្រឡើងវិញគឺជារឿងមិនអាចទៅរួចទេ ជាមួយនឹង "ការរំលោភលើបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរបែបនេះ។


នៅក្នុងការឆ្លើយតបជាលើកដំបូងចំពោះការពន្យារពេលបទឈប់បាញ់របស់លោកត្រាំ លោក Qalibaf បានលើកឡើងថា «អ្នកមិនបានសម្រេចគោលដៅរបស់អ្នកតាមរយៈការឈ្លានពានដោយយោធានោះទេ ហើយអ្នកក៏នឹងមិនសម្រេចវាបានតាមរយៈការគំរាមកំហែងដែរ។ មធ្យោបាយតែមួយគត់ គឺការទទួលស្គាល់សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់»


លោកត្រាំបានដកថយពីការគំរាមកំហែងនាពេលថ្មីៗនេះ ក្នុងការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ ប៉ុន្តែមានវឌ្ឍនភាពតិចតួចណាស់ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្ដើមឡើងដោយការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។




ស្ថានភាពនេះបានធ្វើឱ្យភាគីទាំងពីរស្ថិតក្នុងភាពជាប់គាំង ដោយច្រកសមុទ្រ Hormuz ដ៏សំខាន់នៅតែត្រូវបានបិទជាធរមាន ដែលធ្វើឱ្យប្រេង និងឧស្ម័នប្រហែលមួយភាគប្រាំនៃតម្រូវការពិភពលោកត្រូវជាប់គាំង និងបង្កសម្ពាធដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក។


ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍មុននេះថា កងឆ្មាំបដិវត្តន៍បានរឹបអូសនាវាចំនួនពីរគ្រឿងពីបទល្មើសដែនសមុទ្រ និងបាននាំយកទៅកាន់ឆ្នេរសមុទ្រអ៊ីរ៉ង់។ នេះគឺជាលើកទីមួយហើយដែលអ៊ីរ៉ង់បានរឹបអូសនាវា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈ។


Tasnim បានបន្តថា កងឆ្មាំបដិវត្តន៍ក៏បានព្រមានផងដែរថា រាល់ការរំខានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងច្រកសមុទ្រនេះ នឹងត្រូវចាត់ទុកថាជា «ខ្សែបន្ទាត់ក្រហម»


តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារអន្តរជាតិ បានបិទក្នុងតម្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងក្នុងរយៈពេលពីរសប្តាហ៍។ ការបិទផ្លូវទឹកនៃច្រកសមុទ្រជាបន្តនេះ កំពុងជំរុញឱ្យថ្លៃដើមសម្រាប់អាជីវកម្មកើនឡើងខណៈដែលប្រទេសសេដ្ឋកិច្ចធំៗកំពុងប្រើប្រាស់ប្រេងបម្រុង និងរឹតត្បិតការប្រើប្រាស់ ដោយសារប្រេងរាប់លានបារ៉ែលត្រូវបានកាត់ផ្តាច់ពីទីផ្សារសំខាន់ៗ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post