កំពង់ស្ពឺ ៖ ឃាត់ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីទទួលផលចោរកម្មនិងរារាំងសមត្ថកិច្ចមិនឱ្យឃាត់ខ្លួន បង្កការភ្ញាក់ផ្អើលនៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីយប់ថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦ ។
សមត្ថកិច្ចនិយាយថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានសហការជាមួយកម្លាំងនគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម)ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង គឺរថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដេីម ។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្ដិការកម្លាំងសមត្ថកិច្ចបានឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម(យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរ ទិញលក់រថយន្ដដោះបំបែកគ្រឿងលក់(កាប់សាច់)។ ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវប្រជាពលរដ្ឋចម្រុះរួមជាមួយអ្នកធ្វេីដំណេីរបានមកឈរមេីលផ្អេីលឈូរឆរនិងបានធ្វេីសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនឱ្យសមត្ថកិច្ចអនុវត្ដ។
សមត្ថកិច្ចបន្តថា ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបាន៣នាក់រួមមាន ១-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម, ២-ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង និង ៣-ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង ។
ករណីខាងលេីសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណងដេីម្បីការពាររារាំងដល់សមត្ថកិច្ចមិនឱ្យអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្ដពីចោរ និងបក្ខពួក។
បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕( ដោយ BBN04)










