ចាប់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

 


ភ្នំពេញ  កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ចាប់ខ្លួនជនសង្ស័យ ១១នាក់ និងសង្គ្រោះជនរងគ្រោះ៣នាក់ កាលពីពេលថ្មីៗនេះ។


សមត្ថកិច្ចនិយាយថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Phan Van Tien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ដោយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៣:៤០នាទី មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu អាយុ២១ឆ្នាំ ជនជាតិវៀតណាម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ ចេញពីចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 




សមត្ថកិច្ចបន្តថា ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្នលោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលីអនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំងរបស់ជនសង្ស័យខាងលើ។ 

      

សមត្ថកិច្ចបន្តថា រហូតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩និង២០នាទីយប់កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់រួមមាន  .ឈ្មោះ Cheng Qing Fu ភេទប្រុស ជនជាតិចិន,.ឈ្មោះ Yuan Gang ភេទប្រុស ជនជាតិចិន.ឈ្មោះ Cheng Ing Fu ភេទប្រុសជនជាតិចិន.ឈ្មោះ Zhong Zhu Ming ភេទប្រុស ជនជាតិចិន.ឈ្មោះ Ju Zhong You ភេទប្រុស ជនជាតិចិន , .ឈ្មោះ Song Lin LING ភេទប្រុស ជនជាតិចិន.ឈ្មោះ Wang Jiang Bo ភេទប្រុស ជនជាតិចិន.ឈ្មោះ Lan Si Yong ភេទប្រុស ជនជាតិចិន.ឈ្មោះ Chen Xin Biao ភេទប្រុស ជនជាតិចិន១០.ឈ្មោះYang Jia Hao ភេទប្រុស ជនជាតិចិននិង១១.ឈ្មោះ Lai Yu Ming ភេទស្រី ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។



     

សមត្ថកិច្ចបន្តទៀតថា ក្រុមជនសង្ស័យខាងលើនេះ បានណាត់នារីរងគ្រោះដើម្បីជួបបម្រើសេវាផ្លូវភេទ រួចក៏ចាប់បង្ខាំង និងជំរិតទារប្រាក់តែម្ដង។ ក្រុមនេះធ្លាប់បានធ្វើសកម្មភាពប៉ុន្មានលើករួចមកហើយ មុនត្រូវបានចាប់ខ្លួន។


បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕(ដោយ BBN04)



Previous Post Next Post