នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi អំពាវនាវដល់ប្រធានាធិបតីអ៊ីរ៉ង់ ឱ្យធានាសុវត្ថិភាពការឆ្លងកាត់តាមច្រកសមុទ្រ Hormuz

 


ជប៉ុន  នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លោកស្រីបានបង្ហាញពីជំហររបស់ប្រទេសជប៉ុនថា ការកាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័សគឺជាកិច្ចការសំខាន់បំផុត ហើយបានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យមានការធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz


លោកស្រី Takaichi បានពិភាក្សាជាមួយលោក Pezeshkian រយៈពេលប្រហែល ២៥ នាទី កាលពីរសៀលថ្ងៃពុធ។


លោកស្រី Takaichi បានសម្ដែងទស្សនៈថា ប្រទេសជប៉ុនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើការឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍ ដែលចាត់ទុកថាជាការវិវត្តដ៏វិជ្ជមានមួយ។


លោកស្រីក៏បានបង្ហាញសេចក្តីសង្ឃឹមដែរថា វិធានការនានាដើម្បីបន្ធូរបន្ថយស្ថានការណ៍ រួមទាំងការធានាសុវត្ថិភាពការឆ្លងកាត់របស់នាវានៅក្នុងច្រកសមុទ្រ Hormuz នឹងត្រូវបានអនុវត្តជាក់ស្តែង ហើយកិច្ចព្រមព្រៀងចុងក្រោយនឹងត្រូវសម្រេចបានក្នុងពេលឆាប់ៗតាមរយៈផ្លូវការទូត។




លោកស្រី Takaichi បានសង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz គឺជាផ្លូវដ៏សំខាន់សម្រាប់ភស្តុភារសកល និងជាផលប្រយោជន៍សាធារណៈអន្តរជាតិ។ លោកស្រីបានអំពាវនាវឱ្យមានការធានាសុវត្ថិភាពការឆ្លងកាត់សម្រាប់នាវានៃគ្រប់ប្រទេសទាំងអស់ រួមទាំងនាវាដែលពាក់ព័ន្ធនឹងប្រទេសជប៉ុនឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។


នាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីជនជាតិជប៉ុនម្នាក់ដែលត្រូវបានអាជ្ញាធរអ៊ីរ៉ង់ឃាត់ខ្លួន ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃចន្ទផងដែរ។ លោកស្រីបានកត់សម្គាល់ថា បុគ្គលនោះកំពុងស្ថិតក្រោមការធានានៅក្រៅឃុំហើយបានអំពាវនាវឱ្យមានដំណោះស្រាយពេញលេញលើករណីនេះ។


យោងតាមរបាយការណ៍ លោក Pezeshkian បានពន្យល់ដល់លោកស្រី Takaichi អំពីជំហររបស់អ៊ីរ៉ង់ចំពោះស្ថានការណ៍បច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការបន្តទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។


ក្រោយមក លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ។ លោកស្រីបានបញ្ជាក់ថា លោកស្រីនិងរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនៅគ្រប់កម្រិតទាំងអស់៕(ប្រែសម្រួលដោយពិសិដ្ឋ សំណាង)

Previous Post Next Post