ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញទៅកាន់ប្រទេសចិនកាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយសមភាគីចិន លោក ស៊ី ជីនពីង។ ថ្នាក់ដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងបញ្ហាកោះតៃវ៉ាន់ និងជម្លោះនៅប្រទេសអ៊ីរ៉ង់ផងដែរ។
លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅពេលចាកចេញពីសេតវិមានថា «ខ្ញុំគិតថាអ្នកនឹងបានឃើញនូវរឿងល្អៗដែលនឹងកើតឡើង។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចដ៏គួរឱ្យរំភើបមួយ។ រឿងល្អៗជាច្រើននឹងកើតឡើង»។
លោកត្រាំគ្រោងនឹងទៅដល់ទីក្រុងប៉េកាំងនៅយប់ថ្ងៃពុធ និងស្នាក់នៅរហូតដល់ថ្ងៃសុក្រ។ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកត្រាំទៅកាន់ប្រទេសចិន គឺនៅក្នុងឆ្នាំ ២០១៧ អំឡុងអាណត្តិដំបូងរបស់លោក។
មេដឹកនាំទាំងពីរនឹងត្រូវជួបគ្នាមាននៅព្រឹកថ្ងៃព្រហស្បតិ៍។ នេះនឹងក្លាយជាជំនួបផ្ទាល់ជាលើកដំបូង ចាប់តាំងពីខែតុលា នៅពេលដែលពួកគេបានជួបគ្នានៅក្រៅកិច្ចប្រជុំ APEC ក្នុងប្រទេសកូរ៉េខាងត្បូង។
បន្ទាប់មក ពួកគេនឹងទៅទស្សនាប្រាសាទឋានសួគ៌ (Temple of Heaven) ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មុនពេលចូលរួមពិធីលៀងសាយភោជន៍ផ្លូវការនៅពេលល្ងាច។ នៅថ្ងៃសុក្រ ពួកគេនឹងមានកិច្ចសន្ទនានៅពេលទទួលទានអាហារថ្ងៃត្រង់ មុនពេលលោកត្រាំចាកចេញពីប្រទេសចិន។
បញ្ហាកោះតៃវ៉ាន់ ត្រូវបានគេរំពឹងថាជាប្រធានបទដ៏សំខាន់មួយ។ គេជឿថារដ្ឋាភិបាលក្រុងប៉េកាំងចង់ឮលោកត្រាំធ្វើអត្ថាធិប្បាយដែលអាចជួយរក្សាការតាមដានលើកោះតៃវ៉ាន់។ ចំណែកឯរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញបានបញ្ជាក់ថានឹងមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឡើយ។
ប៉ុន្តែ ក្តីបារម្ភកំពុងកើនឡើងអំពីសមត្ថភាពរារាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន ជាពិសេសដោយសារតែសហរដ្ឋអាមេរិកកំពុងប្រើប្រាស់អស់នូវឃ្លាំងអាវុធយ៉ាងច្រើននៅក្នុងជម្លោះអ៊ីរ៉ង់។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានផ្តល់ការប៉ាន់ស្មានមួយចំនួន។ ស្ថាប័ននេះបាននិយាយថា កងកម្លាំងអាមេរិកប្រហែលជាបានប្រើប្រាស់អស់រហូតដល់ ៨០ ភាគរយនៃមីស៊ីល THAAD និងរហូតដល់ ៦០ ភាគរយនៃគ្រាប់មីស៊ីលស្ទាក់ចាប់ Patriot នៅក្នុងសប្តាហ៍ដំបូងនៃប្រតិបត្តិការ។
ស្ថាប័នដដែលនេះ ក៏បានពិនិត្យមើលផងដែរនូវអ្វីដែលអាចកើតឡើង ប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់។ លោកMark Cancian ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការពារជាតិ និងសន្តិសុខរបស់ CSIS បានលើកឡើងថា ការវិភាគបង្ហាញថា សហរដ្ឋអាមេរិក «នៅតែអាចទប់ទល់នឹងចិនបាន ប៉ុន្តែការខាតបង់នឹងកើនឡើងយ៉ាងខ្លាំង»។ លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកអាចនឹងប្រឈមមុខនឹង «ចន្លោះប្រហោងនៃភាពងាយរងគ្រោះ» ដែលមានរយៈពេលរហូតដល់ច្រើនឆ្នាំ។
កាសែត The Wall Street Journal ក៏បានរាយការណ៍អំពីហានិភ័យនេះដែរ។ ប្រភពដដែលបានឱ្យដឹងថា មន្ត្រីរដ្ឋបាលត្រាំមួយចំនួន «កាន់តែវាយតម្លៃខ្ពស់» ថា សហរដ្ឋអាមេរិកមិនអាចការពារកោះតៃវ៉ាន់បានពេញលេញពីការឈ្លានពានរបស់ចិន «ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ» បានឡើយ។
លោកត្រាំក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


