ចិន ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បានបញ្ចប់កិច្ចពិភាក្សាដែលបានធ្វើឡើងក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។
លោកត្រាំ និងលោកស៊ី បានបញ្ចប់កិច្ចពិភាក្សាកំពូលរបស់ពួកគេនៅវិមានប្រជាជន (Great Hall of the People)។លោកត្រាំបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃរបស់លោកកាលពីថ្ងៃពុធ។
នៅក្នុងសុន្ទរកថាបើក លោកស៊ីបានមានប្រសាសន៍ថា «ទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាព គឺជារឿងល្អសម្រាប់ពិភពលោក។ ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក សុទ្ធតែទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការ និងខាតបង់ពីការប្រឈមមុខដាក់គ្នា។ យើងគួរតែធ្វើជាដៃគូ មិនមែនជាគូប្រជែងនោះទេ»។
លោកស៊ីក៏បានបន្តទៀតថា «ខ្ញុំសង្ឃឹមថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដើម្បីបន្តនូវអ្វីដែលមានពីមុនមក និងបើកផ្លូវសម្រាប់អនាគតនៃទំនាក់ទំនងចិន-អាមេរិក»។
លោកត្រាំបានថ្លែងអំណរគុណដល់លោកស៊ីសម្រាប់ការទទួលស្វាគមន៍ ដោយលើកឡើងថា «អ្នក និងខ្ញុំបានស្គាល់គ្នាអស់រយៈពេលយ៉ាងយូរមកហើយ។ តាមពិតទៅ វាគឺជាទំនាក់ទំនងរវាងប្រទេសទាំងពីរដែលវែងឆ្ងាយបំផុតដែលមិនធ្លាប់មានរវាងប្រធានាធិបតី និងប្រធានាធិបតីឡើយ»។
លោកត្រាំ និងលោកស៊ីត្រូវបានគេរំពឹងថានឹងពិភាក្សាលើបញ្ហាជាច្រើនដូចជា ទំនាក់ទំនងសេដ្ឋកិច្ច រួមទាំងការកាត់បន្ថយពន្ធគយ បញ្ហាកោះតៃវ៉ាន់ និងជម្លោះនៅប្រទេសអ៊ីរ៉ង់។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកត្រាំទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧។ មេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយកាលពីខែតុលា នៅក្រៅកិច្ចប្រជុំមួយក្នុងប្រទេសកូរ៉េខាងត្បូង។
មេដឹកនាំទាំងពីរនឹងបន្តទៅទស្សនាវិហារសួគ៌ (Temple of Heaven) ដែលជាទីតាំងសម្គាល់ដ៏ល្បីល្បាញបំផុតមួយរបស់ទីក្រុងប៉េកាំង និងជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មុនពេលចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



