បរទេស ៖ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចោទប្រកាន់ជាផ្លូវការលើអតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ។ ក្រសួងបានចោទប្រកាន់រូបលោកថាមានការពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះពីរគ្រឿងកាលពីឆ្នាំ ១៩៩៦ ដែលបានសម្លាប់មនុស្សចំនួន ៤ នាក់។
អគ្គរដ្ឋអាជ្ញាស្តីទី លោក ថត់ ប្លង់ឆេ (Todd Blanche) បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីការចោទប្រកាន់នេះនៅទីក្រុងម៉ៃអាមី (Miami) ក្នុងរដ្ឋផ្លរីដា (Florida) ភាគខាងត្បូងប្រទេស។ លោកបានថ្លែងថា «លោកកាស្ត្រូ និងអ្នកផ្សេងទៀត ក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋបន្ថែមទៀតផងដែរ រួមទាំងការបំផ្លិចបំផ្លាញយន្តហោះ និងបទមនុស្សឃាតចំនួន ៤ ករណីដាច់ដោយឡែកពីគ្នា»។
យន្តហោះចម្បាំងរបស់គុយបាបានបាញ់ទម្លាក់យន្តហោះស៊ីវិលទាំងនោះ ដែលបើកបរដោយក្រុមមានមូលដ្ឋាននៅរដ្ឋផ្លរីដា ដែលគាំទ្រជនភៀសខ្លួនគុយបា។ មន្ត្រីសហរដ្ឋអាមេរិកបានអះអាងថា លោកកាស្ត្រូ ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងបុគ្គលដទៃទៀត ជាអ្នកធ្វើសេចក្តីសម្រេចចិត្តនេះ។
បុរសវ័យ ៩៤ ឆ្នាំរូបនេះ នៅតែបន្តមានឥទ្ធិពលនៅក្នុងឆាកនយោបាយ និងការទូតរបស់គុយបា។ លោកបានជួយដឹកនាំបដិវត្តន៍ឆ្នាំ ១៩៥៩ ជាមួយបងប្រុសរបស់លោកគឺ លោក ហ្វីដែល កាស្ត្រូ (Fidel Castro) ដែលបានទម្លាក់រដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក និងបានបង្កើតរបបសង្គមនិយមឡើង។ លោកបានក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០០៨ និងបានចុះចេញពីតំណែងក្នុងឆ្នាំ ២០១៨។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិងកំពុងបង្កើនយុទ្ធនាការគាបសង្កត់របស់ខ្លួនប្រឆាំងនឹងប្រទេសនេះ ដែលរួមមានទាំងការបិទខ្ទប់ការដឹកជញ្ជូនប្រេង ក្នុងគោលបំណងបង្ខំឱ្យរដ្ឋាភិបាលក្រុងហាវ៉ាណា (Havana) ធ្វើទម្រង់នយោបាយ និងសេដ្ឋកិច្ច។ កាលពីសប្តាហ៍មុន មន្ត្រីគុយបាបាននិយាយថា ទុនបម្រុងប្រេងឥន្ធនៈរបស់ប្រទេសនេះត្រូវបានរីងស្ងួតទាំងស្រុងហើយ។
មេដឹកនាំគុយបាបច្ចុប្បន្ន លោក មីហ្គែល ឌីយ៉ាស-កាណែល (Miguel Diaz-Canel) បានហៅការចោទប្រកាន់នេះថាជា «ល្បិចកលនយោបាយ» ដែល «គ្មានមូលដ្ឋានច្បាប់» ទាល់តែសោះ។
ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ជំហានផ្លូវច្បាប់នេះកត់សម្គាល់នូវ «ទំព័រដ៏ធំធេងមួយ»។ លោកបានថ្លែងថា «យើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើង ប៉ុន្តែយើងកំពុងរំដោះប្រទេសគុយបាហើយ»។ លោកបានបន្ថែមទៀតថា «នឹងមិនមានការបង្កើនភាពតានតឹងខ្លាំងឡើង» នៅក្នុងប្រទេសគុយបានោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានផ្ញើសារជាវីដេអូជាភាសាអេស្ប៉ាញទៅកាន់ប្រជាជនគុយបា។ ឪពុកម្តាយរបស់លោកបានចាកចេញពីប្រទេសគុយបា ហើយលោកបានបន្ទោសបញ្ហារបស់ប្រទេសនេះទៅលើការដឹកនាំប្រកបដោយអំពើពុករលួយ។
លោកបាននិយាយថា «មូលហេតុដែលអ្នកមិនមានអគ្គិសនី ប្រេងឥន្ធនៈ ឬអាហារ គឺដោយសារតែអ្នកដែលគ្រប់គ្រងប្រទេសរបស់អ្នកបានប្លន់ប្រាក់រាប់ពាន់លានដុល្លារ ប៉ុន្តែគ្មានអ្វីមួយត្រូវបានយកមកប្រើប្រាស់ដើម្បីជួយប្រជាជននោះទេ»។
លោកក៏បានបន្តទៀតថា សហរដ្ឋអាមេរិករួចរាល់ក្នុងការ «បើកទំព័រថ្មីមួយ» និងបានផ្តល់ការផ្តល់ជូនក្នុងការកសាង«គុយបាថ្មី» មួយរួមគ្នា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសគុយបា លោក ព្រុយណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) បានរិះគន់វីដេអូរបស់លោករូប៊ីអូដោយនិយាយថាលោកកំពុងតែនិយាយដដែលៗនូវ «ស្គ្រីបភូតភរ» របស់លោក ហើយសហរដ្ឋអាមេរិកកំពុងព្យាយាមទម្លាក់កំហុសដាក់ប្រទេសគុយបាតែប៉ុណ្ណោះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


