លោកត្រាំថ្លែងថា ការចរចាជាមួយអ៊ីរ៉ង់ «កំពុងតែដំណើរការទៅមុខយ៉ាងល្អ»

 


បរទេស  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ «កំពុងតែដំណើរការទៅមុខយ៉ាងល្អ»


លោកត្រាំបានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទថា «វាមានតែជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយសម្រាប់ទាំងអស់គ្នា ឬក៏គ្មានកិច្ចព្រមព្រៀងទាល់តែសោះ ត្រឡប់ទៅកាន់សមរភូមិ និងការបាញ់បោះវិញ ប៉ុន្តែធំជាង និងខ្លាំងក្លាជាងពេលណាៗទាំងអស់ ហើយគ្មាននរណាម្នាក់ចង់បានរឿងនោះទេ


ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ(Marco Rubio) បានបង្ហើបឱ្យដឹងថា វាអាចនឹងត្រូវចំណាយពេលបន្ថែមទៀតដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។ លោក រូប៊ីយ៉ូ បានកត់សម្គាល់ថា សំណើ «ដ៏រឹងមាំគួរសម» មួយកំពុងស្ថិតនៅលើតុចរចា ពាក់ព័ន្ធនឹងការបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ និងបញ្ហានុយក្លេអ៊ែរ។ លោកបានបន្ថែមថា លោកត្រាំមិនមានការប្រញាប់ប្រញាល់នោះទេ ហើយក៏នឹងមិនធ្វើកិច្ចព្រមព្រៀងដ៏អាក្រក់ណាមួយនោះដែរ។


អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អែសម៉ាអ៊ីល បាកៃ (Esmaeil Baghaei) បានបង្ហាញសញ្ញានៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ទោះបីជាមានវឌ្ឍនភាពនៅក្នុងការចរចាក៏ដោយ ក៏កិច្ចព្រមព្រៀងមួយមិនទាន់ជិតនឹងកើតឡើងភ្លាមៗនោះដែរ។ លោកបានសង្កត់ធ្ងន់ថា ក្រុមអ្នកចរចាមិនទាន់បានពិភាក្សាអំពីព័ត៌មានលម្អិតនៃបញ្ហានុយក្លេអ៊ែរនៅឡើយទេនាពេលបច្ចុប្បន្ននេះ។


លោកបាកៃ បាននិយាយថា អ៊ីរ៉ង់មិនមែនស្វែងរកការកំណត់ពន្ធលើកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នោះទេប៉ុន្តែវាជាការចាំបាច់ក្នុងការប្រមូលកម្រៃសេវា ដើម្បីផ្តល់ជំនួយដល់ការធ្វើនាវាចរណ៍ និងវិធានការការពារបរិស្ថាន។




ទូរទស្សន៍ CNN បានរាយការណ៍ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកថា ជម្លោះលើការប្រើប្រាស់ពាក្យពេចន៍ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការលើកលែងទណ្ឌកម្ម បានធ្វើឱ្យរាំងស្ទះដល់ការសម្រេចកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលបានបន្ថែមថា មានសុទិដ្ឋិនិយមថាភាពខុសគ្នានេះនឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗខាងមុខ។


ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាច្រើនបានរាយការណ៍ថា ប្រធានសភារបស់អ៊ីរ៉ង់ លោក ម៉ូហាំម៉ាត់ បាហ្គើរ ហ្គាលីបាហ្វ(Mohammad Bagher Ghalibaf) និងរដ្ឋមន្ត្រីការបរទេស លោក អាប់បាស អារ៉ាកជី (Abbas Araghchi) បានធ្វើដំណើរទៅដល់ប្រទេសកាតាកាលពីថ្ងៃចន្ទ។


ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានរាយការណ៍ថា ពួកគាត់មានគម្រោងជួបពិភាក្សាជាមួយព្រះចៅនៃប្រទេសកាតា សេក តេមីម ប៊ីន ហាម៉ាដ អាល់ ថានី (Sheikh Tamim bin Hamad Al Thani) ដោយរបៀបវារៈផ្តោតសំខាន់លើការបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិក និងការដកទណ្ឌកម្មចេញ៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)

Previous Post Next Post