បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងត្រូវចំណាយពេលច្រើនថ្ងៃទៀត។
គេហទំព័រព័ត៌មាន Axios បានស្រង់សម្តីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ដោយនិយាយថា សេតវិមានមិនរំពឹងថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះទេ ហើយគិតថា ការអនុម័តពីភាគីអ៊ីរ៉ង់ «អាចនឹងត្រូវចំណាយពេលសប្តាហ៍ ឬច្រើនថ្ងៃ»។
គេហទំព័រដដែលនេះបានបន្តថា មន្ត្រីអាមេរិកមាន «ក្តីសង្ឃឹមខ្ពស់» ថា កិច្ចព្រមព្រៀងនេះនឹងត្រូវសម្រេចបាន«ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ» ប៉ុន្តែពួកគេក៏បានទទួលស្គាល់ផងដែរថា វាមិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរនៅឡើយទេ ហើយ «នៅតែអាចបរាជ័យដដែល»។
កាសែត The New York Times បានស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ទៀតដែលលើកឡើងថា ភាគីទាំងពីរ «បានព្រមព្រៀងគ្នាជាគោលការណ៍លើកិច្ចព្រមព្រៀងមួយ ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាមួយនឹងការប្តេជ្ញាចិត្តពីភាគីអ៊ីរ៉ង់ក្នុងការកម្ទេចចោលនូវសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ខ្លួន»។
មន្ត្រីរូបនោះត្រូវបានរាយការណ៍ថា បាននិយាយថាកិច្ចព្រមព្រៀងនេះកំពុងរង់ចាំការអនុម័តចុងក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ម៉ូចតាបា ខាមេនី (Mojtaba Khamenei) ហើយបានបញ្ជាក់ថាវា «អាចនឹងត្រូវចំណាយពេលច្រើនថ្ងៃ»។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនៅតែបន្តរារាំងឃ្លាមួយចំនួន ដែលរួមបញ្ចូលទាំងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ផងដែរ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា បញ្ហានេះអាចនាំទៅរកបរាជ័យក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀង៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


