សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងពន្យារពេលបទឈប់បាញ់


 

..អា  គេហទំព័រព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីសហរដ្ឋអាមេរិកបានថ្លែងថា ពួកគេបានសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលនឹងពន្យារពេលបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់រយៈពេល ៦០ ថ្ងៃ។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីទាំងនោះបានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បានអនុម័តលើផែនការនេះនៅឡើយទេ។


Axios បានរាយការណ៍ថា ភាគីទាំងពីរនឹងប្រើប្រាស់ការផ្អាកនេះ ដើម្បីចាប់ផ្តើមការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រភពដដែលបានបន្តថា រដ្ឋាភិបាលក្រុងតេហេរ៉ង់នឹងធ្វើការ «ប្តេជ្ញាចិត្ត» មិនស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរឡើយ ហើយក្រុមអ្នកចរចានឹងពិភាក្សាអំពីវិធីសាស្ត្រក្នុងការកម្ចាត់ចោលនូវសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់អ៊ីរ៉ង់។


កិច្ចព្រមព្រៀងនេះបានតម្រូវឱ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែមានភាព «មិនរឹតត្បិត» ប្រភពមួយបានឱ្យដឹងថា រដ្ឋាភិបាលក្រុងតេហេរ៉ង់នឹងដោះមីនទាំងឡាយចេញក្នុងរយៈពេល ៣០ ថ្ងៃ និងបញ្ឈប់ការទារកម្រៃ (ពន្ធផ្លូវទឹកហើយសហរដ្ឋអាមេរិកមានផែនការលើកលែងការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់វិញ។


របាយការណ៍បានឱ្យដឹងទៀតថា លោកត្រាំបានប្រាប់ក្រុមអ្នកសម្របសម្រួលថា លោកសុំពេល «បីបួនថ្ងៃ» ដើម្បីធ្វើការសម្រេចចិត្ត។


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក ស្កុត បេសសិន (Scott Bessent) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា លោកត្រាំ «នឹងមិនទទួលយកកិច្ចព្រមព្រៀងដ៏អាក្រក់ណាមួយឡើយ»




លោកបាននិយាយថា «ក្រុមការងារបាននិងកំពុងពិភាក្សាដេញដោលគ្នាទៅវិញទៅមក។ ហើយប្រធានាធិបតីត្រាំបានបញ្ជាក់យ៉ាងច្បាស់ៗ។ លោកបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកមានបន្ទាត់ក្រហម (លក្ខខណ្ឌមិនអាចរំលងបានជាច្រើន ហើយអ៊ីរ៉ង់ត្រូវតែប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ពួកគេ។ ពួកគេមិនអាចស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរបានឡើយ»


លោកបានបន្ថែមថា ច្រកសមុទ្រ Hormuz ត្រូវតែ «សេរី និងបើកចំហ» ហើយបានបញ្ជាក់ថា អគ្គរដ្ឋទូតនៃប្រទេសអូម៉ង់បានធានាអះអាងថា មិនមានផែនការក្នុងការទារកម្រៃ ឬថ្លៃសេវានៅក្នុងច្រកសមុទ្រនោះទេ។


ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានច្រានចោលការអះអាងទាំងនេះ ដោយលើកឡើងថា វា «មិនមែនជាការពិត» នោះទេ ហើយបានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយ «មិនទាន់ត្រូវបានសម្រេចជាស្ថាពរ ឬទទួលបានការបញ្ជាក់នៅឡើយទេ»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post