ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោក «មិនទាន់ពេញចិត្ត»ចំពោះកិច្ចចរចាសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់នោះទេ ហើយភាគីទាំងពីរក៏មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយដែរ។ លោកបានបន្ថែមថា ពេលនេះរដ្ឋាភិបាលក្រុងតេហេរ៉ង់កំពុងតែ «ចរចាទាំងដង្ហើមចុងក្រោយ»។
លោកត្រាំបានថ្លែងអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ។ លោកបាននិយាយថា «ខ្ញុំគិតថាពួកគេកំពុងចាប់ផ្តើមផ្តល់ឱ្យយើងនូវអ្វីៗដែលពួកគេត្រូវតែផ្តល់ឱ្យ ហើយប្រសិនបើពួកគេធ្វើបែបនោះ វាគឺជាការប្រសើរណាស់ ប៉ុន្តែប្រសិនបើពួកគេមិនព្រមធ្វើទេ នោះបុរសដែលនៅខាងឆ្វេងដៃរបស់ខ្ញុំនេះ នឹងកម្ទេចពួកគេឱ្យអស់»។ លោកបានសំដៅទៅលើរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសេត (Pete Hegseth)។
លោកត្រាំក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់នឹងមិនអាចគ្រប់គ្រងច្រកសមុទ្រ ហ័រមូស (Hormuz) បានឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បាននិយាយថា ការទូតគឺ «តែងតែជាជម្រើសដំបូងគេបង្អស់»ប៉ុន្តែលោកក៏បានព្រមានផងដែរ ដោយលើកឡើងថា «ខ្ញុំគិតថាមានវឌ្ឍនភាព និងការចាប់អារម្មណ៍ខ្លះៗហើយ ហើយយើងនឹងរង់ចាំមើលក្នុងរយៈពេលប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃខាងមុខទៀតថាតើវឌ្ឍនភាពអាចសម្រេចបានដល់កម្រិតណា។ ខ្ញុំគ្រាន់តែចង់រំលឹកដល់អ្នករាល់គ្នា ក៏ដូចជាលោកប្រធានាធិបតី ដែលលោកជ្រាបច្បាស់ស្រាប់ហើយថា លោកនៅមានជម្រើសផ្សេងទៀត ប្រសិនបើវិធីសាស្ត្រនេះមិនទទួលបានជោគជ័យ»។
មុននេះបន្តិច ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍អំពីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហរដ្ឋអាមេរិក។ ស្ថានីយទូរទស្សន៍នេះបានបញ្ជាក់ថាខ្លួនទទួលបាន «ឯកសារបឋមមិនផ្លូវការ»មួយ ដែលបង្ហាញពីក្របខណ្ឌការងារ។
សេចក្តីព្រាងនោះបានចែងថា អ៊ីរ៉ង់នឹងស្តារចរាចរណ៍នាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ ហ័រមូស ឡើងវិញក្នុងរយៈពេលមួយខែ និងធ្វើឱ្យចំនួននាវាត្រឡប់ទៅរកកម្រិតដូចមុនពេលមានជម្លោះ។ ឯកសារដដែលបន្តថាសហរដ្ឋអាមេរិកក៏នឹងចាត់វិធានការនានាផងដែរ រួមទាំងការបញ្ឈប់ការជ្រៀតជ្រែកលើនាវានៅតាមកំពង់ផែរបស់អ៊ីរ៉ង់និងការលើកលែងការបិទខ្ទប់ផ្លូវទឹក។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះមិនរាប់បញ្ចូលនាវាយោធានោះទេ។
សេចក្តីព្រាងនោះបានបញ្ជាក់ថា អ៊ីរ៉ង់នឹងនៅតែរក្សាការគ្រប់គ្រងលើច្រកសមុទ្រនេះដដែល។ រដ្ឋាភិបាលក្រុងតេហេរ៉ង់នឹងធ្វើការត្រួតពិនិត្យនាវា និងប្រមូលកម្រៃផ្សេងៗ ហើយមន្ត្រីអ៊ីរ៉ង់នឹងសម្របសម្រួលវិធានការទាំងនេះជាមួយប្រទេសអូម៉ង់។
សេចក្តីព្រាងនេះក៏បានលើកឡើងអំពីការដកកងទ័ពអាមេរិកផងដែរ។ វាបានចែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានយល់ព្រមចាកចេញពី "តំបន់ជុំវិញប្រទេសអ៊ីរ៉ង់"។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើកងកម្លាំងណាខ្លះដែលត្រូវដកចេញ។
សេតវិមានបានច្រានចោលរបាយការណ៍នេះភ្លាមៗ ដោយចាត់ទុកវាថាជា «ការប្រឌិតឡើងទាំងស្រុង»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


