របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាព

 


បរទេស  វេបសាយព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃពុធថា មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនជឿជាក់ថាពួកគេជិតនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៅទីក្រុងតេហេរ៉ង់បានលើកឡើងថា សំណើនេះមានផ្ទុកនូវខចែងដែល "មិនអាចទទួលយកបាន"


Axios បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជា "អនុស្សរណៈនៃការយោគយល់គ្នាដែលមានកម្រាស់មួយទំព័រ។ដោយយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលដែលទទួលបានព័ត៌មានសង្ខេបអំពីបញ្ហានេះ និងប្រភពផ្សេងទៀតគេហទំព័រដដែលបានរាយការណ៍ថា ផែនការនេះមាន ១៤ ចំណុច រួមមាន ការបញ្ឈប់ការប្រយុទ្ធគ្នាការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។


ប្រភពនានាបាននិយាយថា កិច្ចពិភាក្សាកំពុងបន្តធ្វើឡើងជុំវិញរយៈពេលដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ ពួកគេថា រយៈពេលនោះអាចនឹងមានយ៉ាងហោចណាស់ ១២ ឆ្នាំ ខណៈប្រភពមួយបានស្នើឱ្យមានការសម្របសម្រួលក្នុងរយៈពេល ១៥ ឆ្នាំ។


កាសែត Wall Street Journal បានចុះផ្សាយថា ភាគីទាំងពីរកំពុងធ្វើការជាមួយអ្នកសម្របសម្រួល ហើយការពិភាក្សាអាចនឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅសប្តាហ៍ក្រោយ ក្នុងប្រទេសប៉ាគីស្ថាន។


លោកត្រាំបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា មាន "ការពិភាក្សាយ៉ាងល្អក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ" លោកបានបន្តថា "វាមានលទ្ធភាពខ្ពស់ណាស់ដែលពួកយើងនឹងសម្រេចបាននូវកិច្ចព្រមព្រៀងមួយ"




នៅក្នុងសារបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ លោកបានលើកឡើងថា វឌ្ឍនភាពសំខាន់ៗកំពុងត្រូវបានសម្រេច។ លោកបានបន្ថែមនៅក្នុងសារបង្ហោះកាលពីថ្ងៃពុធថា កងកម្លាំងសហរដ្ឋអាមេរិកអាចបញ្ចប់ប្រតិបត្តិការ"ដ៏អស្ចារ្យរបស់ខ្លួនបាន ប្រសិនបើអ៊ីរ៉ង់យល់ព្រមតាមកិច្ចព្រមព្រៀង ប៉ុន្តែប្រសិនបើបដិសេធ ការវាយប្រហារនឹងចាប់ផ្តើមឡើងវិញក្នុង "កម្រិត និងអាំងតង់ស៊ីតេខ្ពស់ជាងមុនឆ្ងាយណាស់"


ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានដកស្រង់សម្តីប្រភពមួយដែលនិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់មិនទាន់បានចេញការឆ្លើយតបជាផ្លូវការនៅឡើយទេ។ ប្រភពដដែលបានព្រមានថា ការគំរាមកំហែងពីសហរដ្ឋអាមេរិកគឺ "គ្មានប្រសិទ្ធភាពហើយនឹងធ្វើឱ្យស្ថានភាពកាន់តែ "អាក្រក់ទៅៗ"


អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បានទទួលសំណើនោះហើយ ហើយវាកំពុងស្ថិតក្រោមការពិនិត្យ។ លោកបានបន្ថែមថា ការឆ្លើយតបនឹងត្រូវបានធ្វើឡើងតាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post