សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាញ់បោះដាក់គ្នានៅច្រកសមុទ្រ Hormuz

 


បរទេស  ទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថានាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវចំនួន  គ្រឿងរបស់ខ្លួន បានរងការវាយប្រហារ "ដោយគ្មានការបង្កហេតុពីសំណាក់ប្រទេសអ៊ីរ៉ង់។ ប្រភពដដែលបញ្ជាក់ថា រាល់ការគំរាមកំហែងទាំងអស់ត្រូវបានកម្ទេច ហើយមិនមានមនុស្សរងរបួស ឬខូចខាតឧបករណ៍ប្រើប្រាស់នោះទេ។


CENTCOM បាននិយាយថា នាវាទាំងនោះកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ចេញពីច្រកសមុទ្រ Hormuz ឆ្ពោះទៅកាន់ឈូងសមុទ្រអូម៉ង់ នៅពេលដែលពួកគេត្រូវបានកំណត់គោលដៅវាយប្រហារដោយមីស៊ីល ដ្រូន និងទូកតូចៗរបស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញដោយការវាយប្រហារទៅលើទីតាំងបង្ហោះមីស៊ីល និងដ្រូនមជ្ឈមណ្ឌលបញ្ជាការ និងទីតាំងឃ្លាំមើល។ ចំពោះព័ត៌មានលម្អិតបន្ថែមទៀតនៅមិនទាន់ច្បាស់នៅឡើយទេ។




ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន ABC News ថា ការឆ្លើយតបខាងយោធានេះគ្រាន់តែជា "ការព្រមានស្រាលៗប៉ុណ្ណោះ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងឈប់បាញ់នៅតែមានសុពលភាព។


ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ជាច្រើនមានការលើកឡើងខុសពីនេះ។ ពួកគេបានស្រង់សម្តីរបស់អ្នកនាំពាក្យទីបញ្ជាការដ្ឋានកណ្តាលយោធាដែលនិយាយថា សហរដ្ឋអាមេរិកបាន "រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់" លោកបានបន្ថែមថា កងកម្លាំងអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ដែលកំពុងឆ្ពោះទៅកាន់ច្រកសមុទ្រ Hormuz និងបានកំណត់គោលដៅលើនាវាមួយគ្រឿងទៀតនៅជិតកំពង់ផែ Fujairah នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។ លោកបានបញ្ជាក់ទៀតថា កងកម្លាំងអ៊ីរ៉ង់បានវាយបកវិញ និងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ៕(ដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post