បរទេស ៖ ក្រុមនាវិកនៃនាវាទេសចរណ៍មួយគ្រឿង នៅឆ្នេរសមុទ្រនៃប្រទេសកោះ Cabo Verde ក្នុងតំបន់អាហ្វ្រិកខាងលិច កំពុងដោះស្រាយការផ្ទុះឡើងនៃមេរោគ ហាន់តាវីរុស (Hantavirus)។ អ្នកជំនាញនិយាយថា ជនរងគ្រោះមួយចំនួនអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែហានិភ័យចំពោះសាធារណជនទូទៅគឺមានកម្រិតទាប។
នាវានេះកំពុងដឹកមនុស្សប្រហែល ១៥០ នាក់ ដែលភាគច្រើនជាអ្នកទេសចរមកពីអឺរ៉ុប និងម្នាក់ជាជនជាតិជប៉ុន។អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មានមនុស្ស ៧ នាក់ បានចេញរោគសញ្ញា ហើយក្រុមហ៊ុនប្រតិបត្តិករនាវាបានបញ្ជាក់ថា មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត។ ក្នុងនោះមានម្នាក់មកពីប្រទេសអាល្លឺម៉ង់ និងពីរនាក់ទៀតជាប្តីប្រពន្ធមកពីប្រទេសហូឡង់។
លោកស្រី Maria Van Kerkhove នាយិកានាយកដ្ឋានត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ នៅទីក្រុងហ្សឺណែវថា ជនរងគ្រោះអាចឆ្លងមេរោគពីសត្វព្រៃ។
លោកស្រី Kerkhove បានថ្លែងថា "នេះគឺជានាវាសម្រាប់ធ្វើបេសកកម្ម ហើយមនុស្សជាច្រើននៅលើនាវាបានទៅមើលសត្វបក្សី និងធ្វើសកម្មភាពជាច្រើនពាក់ព័ន្ធនឹងសត្វព្រៃ។ ដូច្នេះ ការសន្មតរបស់យើងគឺថា ពួកគាត់បានឆ្លងមេរោគពីខាងក្រៅនាវា រួចទើបឡើងមកលើនាវាទេសចរណ៍នេះ។"
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា មនុស្សឆ្លងមេរោគ Hantavirus ជាចម្បងតាមរយៈការប៉ះពាល់ជាមួយអាចម៍កណ្តុរ។ ស្ថាប័ននេះបានបន្ថែមថា អ្នកជំងឺអាចវិវត្តទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ប៉ុន្តែការឆ្លងពីមនុស្សទៅមនុស្សគឺកម្រនឹងកើតមានណាស់។
នាវានេះបានទៅទស្សនាកោះនានានៅតំបន់អាត្លង់ទិកខាងត្បូង ចន្លោះប្រទេសអាហ្សង់ទីន និងអាហ្វ្រិកខាងត្បូង។ក្រសួងសុខាភិបាលអេស្ប៉ាញបាននិយាយថា ខ្លួននឹងទទួលយកអ្នកដំណើរ និងនាវិកនៅលើកោះកាណារី (Canary Islands) ដែលស្ថិតនៅឆ្នេរសមុទ្រភាគពាយព្យនៃទ្វីបអាហ្វ្រិក ដោយគ្រោងនឹងត្រួតពិនិត្យសុខភាពរបស់ពួកគេនៅក្នុងការធ្វើចត្តាឡីស័ក មុននឹងបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



