ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធនឹងករណីបើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ផ្សេងៗគ្នា។
កិច្ចប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១-ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងផ្ទះលេខ៦ ផ្លូវ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួន ជនជាតិចិនតៃ វ៉ាន់៦នាក់( ស្រ្តី០១នាក់ ) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង , all in one ១គ្រឿង,monitor ៩គ្រឿង និងធុង CPU ៤ ។
ចំណែកករណីទី២-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ ទីតាំងនៅ បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា ជាលទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន៥៥នាក់(ស្រី្ត០៥នាក់)និងដកហូតសម្ភារៈ All in One ចំនួន៩៨ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥ គ្រឿង ,Monitor ចំនួន 0៩ គ្រឿង ,CPU ចំនួន ០៧ គ្រឿង ,ទូរស័ព្ទដៃ ចំនួន១១៣ គ្រឿង ,ដុំ wifi ចំនួន ០៣ គ្រឿង ,ស៊ីមកាតបរទេសមួយចំនួន។
តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារក្លែងក្លាយ , អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និងទទួលបានការងារការងារ ដែលមានគោលដៅ កោះតៃវ៉ាន់ និងប្រទេសចិន ។
បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែលដកហូតបានទាំងអស់ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាតដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ។ ប្រភព៖(គ.ប.ឆ.ប.)៕(BBN)




