បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីករណីឆ្លងវីរុសហាន់តា (Hantavirus) ចំនួន ៧ ករណីដែលពាក់ព័ន្ធនឹងការផ្ទុះឡើងដែលគេសង្ស័យនៅលើនាវាទេសចរណ៍មួយ។ អង្គការនេះកំពុងណែនាំឱ្យមានការធ្វើចត្តាឡីស័ករយៈពេល ៤២ ថ្ងៃ សម្រាប់អ្នកដំណើរ និងនាវិកទាំងអស់។
នាវានេះបានធ្វើដំណើរមកដល់កោះ Tenerife ក្នុងប្រជុំកោះ Canary នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។អ្នកដំណើរបានចុះពីលើនាវា ក្រោមវិធានការត្រួតពិនិត្យការឆ្លងមេរោគយ៉ាងតឹងរ៉ឹងបំផុត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ លោកស្រី Monica Garcia បាននិយាយថា មនុស្សចំនួន ២៧ នាក់ រួមទាំងអ្នកដំណើរដែលនៅសេសសល់ និងនាវិកមួយចំនួន បានចុះពីលើនាវានៅថ្ងៃបន្ទាប់។ លោកស្រីបានបន្ថែមថា នាវានេះកំពុងធ្វើដំណើរបន្តទៅកាន់ប្រទេសហូឡង់ ជាមួយនាវិកដែលនៅសល់។អ្នកដែលត្រូវបានជម្លៀសចេញ កំពុងឆ្លងកាត់ការពិនិត្យ និងធ្វើចត្តាឡីស័កនៅក្នុងប្រទេសរៀងៗខ្លួន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោកស្រី Stephanie Rist បាននិយាយថា អ្នកដំណើរជនជាតិបារាំងម្នាក់មកពីនាវានោះ បានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីចេញរោគសញ្ញានៅលើជើងហោះហើរត្រឡប់ទៅផ្ទះវិញ។ លោកស្រីបានបញ្ជាក់ថា បុគ្គលនោះកំពុងស្ថិតក្នុងការដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ រួមជាមួយអ្នកដំណើរ ៤ នាក់ផ្សេងទៀត។
អង្គការសុខភាពពិភពលោកបានរាយការណ៍កាលពីថ្ងៃចន្ទថា ករណីនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៧នាក់ ឬ ៩ នាក់ ប្រសិនបើរាប់បញ្ចូលទាំងករណីសង្ស័យ។
អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា អ្នកដំណើរជនជាតិជប៉ុនម្នាក់ កំពុងត្រូវបានតាមដាននៅមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេស។ ពួកគេបាននិយាយថា ទោះបីជាមិនទាន់ចេញរោគសញ្ញាក៏ដោយ ក៏បុគ្គលរូបនេះត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ករហូតដល់ ៤៥ ថ្ងៃ។
អង្គការសុខភាពពិភពលោកបានចេញផ្សាយគោលការណ៍ណែនាំបឋមសម្រាប់ការគ្រប់គ្រងការឆ្លងមេរោគនេះ។អង្គការនេះណែនាំឱ្យអ្នកដំណើរ និងនាវិកទាំងអស់ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅតាមផ្ទះ ឬក្នុងមណ្ឌលជំនាញរយៈពេល ៤២ ថ្ងៃ បន្ទាប់ពីចុះពីលើនាវា ដើម្បីជាការបង្ការជាមុន។
ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកនៅតែអះអាងថា ហានិភ័យនៃវីរុសនេះចំពោះសាធារណជនទូទៅ គឺស្ថិតក្នុងកម្រិតទាបនៅឡើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


